2026-04-10 14:05
5

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធបទល្មើសលួចម៉ូតូ ឆក់ទូរស័ព្ទ និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនបាន ចំនួន ០៦នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់ ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ព្រមទាំងកម្លាំងជំនាញពាក់ព័ន្ធ នៅវេលាអាធ្រាតថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

យោងតាមសមត្ថកិច្ច ការឃាត់ខ្លួនត្រូវបានអនុវត្តជាបន្តបន្ទាប់នៅតាមទីតាំងផ្សេងៗ រួមមាន ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានច្បាស់លាស់។

ជនសង្ស័យទាំង ០៦នាក់ ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើសលួចម៉ូតូ ឆក់ទូរសព្ទ និងទទួលផលចោរកម្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦ បង្កឱ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន ០៣ គ្រឿង ក្នុងនោះមានម៉ូតូម៉ាក Honda Dream 125 ចំនួន ០២ គ្រឿង និង Suzuki Nex ចំនួន ០១ គ្រឿង ដែលជាវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបាននាំយកទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕