2026-04-10 13:33
16

ព្រះវិហារ៖ មន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងស្រុកជាំក្សាន្ត នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រតិបត្តិការនេះ បាននាំឱ្យមានការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន៖ ទី១- ឈ្មោះ នុត ជា, ទី២- ឈ្មោះ ខុន សាស និង ទី៣- ឈ្មោះ សាន វី ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។

បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង ៣នាក់ ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យនៅពន្ធនាគារខេត្តព្រះវិហារ ដើម្បីរងចាំចំណាត់បន្តតាមច្បាប់ ខណៈការស្រាវជ្រាវបន្តកំពុងធ្វើឡើង ដើម្បីស្វែងរកជនពាក់ព័ន្ធផ្សេងទៀត។

សូមជម្រាបថា ការបង្ក្រាបអ្នកកាប់ឈើខុសខាងលើនេះ បន្ទាប់ពីប្រជាសហគមន៍ជនជាតិដើមកួយ បានបង្ហាញរបាយការណ៍អំពីសកម្មភាពកាប់បំផ្លាញធនធានធម្មជាតិព្រៃឈើ នៅតំបន់អូរស្កាច «តំបន់៩៤» និងដឹកជញ្ជូនតាមគោយន្តចេញយ៉ាងអាណាធិបតេយ្យ ដោយមានមន្ត្រីយោធាម្នាក់ ជាកាង។ បន្ទាប់ទទួលបានព័ត៌មាននេះ មន្ត្រីឧទ្យានុរក្សបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តង៕