2026-04-27 20:42
23

ភ្នំពេញ៖ នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។ 

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញសកម្មភាពលើភាពស្អាត ភាពបៃតង និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ 

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីគម្រោង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដែលរួមមាន ការគ្រប់គ្រងសំណល់ ការទប់ស្កាត់ការបំពុលទឹក និងខ្យល់សាធារណៈ ក្នុងការជំរុញសកម្មភាពឆ្ពោះទៅភាពស្អាត ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។  ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សាបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។ 

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការបង្ហាញការគាំទ្ររបស់ប្រទេស សិង្ហបុរី ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាបរិស្ថាន រួមទាំងការគ្រប់គ្រងគុណភាពទឹកទន្លេមេគង្គ៕