2026-05-04 10:27
4

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦ នេះ កម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យបង្កប់ល្បែងស៊ីសង និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។

លទ្ធផលនៃប្រតិបត្តិការនេះ ជនជាតិឥណ្ឌូនេស៊ីយ៉ាងតិច ១៥០ នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរ និងពិនិត្យឯកសារពាក់ព័ន្ធ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការចុះបង្ក្រាបនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងការបោសសំអាតក្រុមស្កែមអនឡាញ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និងមុខមាត់របស់ប្រទេសនៅលើឆាកអន្តរជាតិ។ 

គណៈកម្មការចំពោះកិច្ចបាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញ ដើម្បីលុបបំបាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលភាគច្រើនមានការចូលរួមពីជនបរទេស។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ទីតាំងសុវត្ថិភាព ដើម្បីបន្តនីតិវិធីច្បាប់ និងធ្វើការបែងចែករវាងជនរងគ្រោះ (ដែលត្រូវបានបង្ខំឱ្យធ្វើការ) និងអ្នកដែលជាមេខ្លោងក្នុងសកម្មភាពល្មើសច្បាប់នេះ៕