ដីកសិកម្ម គឺជាគ្រឹះនៃអារ្យធម៌របស់មនុស្សជាតិ ជាអ្នកទ្រទ្រង់សេដ្ឋកិច្ច ផ្តល់ស្បៀងអាហារ និងជាបង្អែកនៃជីវភាពរបស់ប្រជាជននៅតាមជនបទ។ ប៉ុន្តែនៅពេលនេះ គ្រឹះដ៏សំខាន់នេះកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង។ ការប្រែប្រួលអាកាសធាតុមិនត្រឹមតែផ្លាស់ប្តូររបបអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងផ្លាស់ប្តូរស្ថានភាពដីដែលវិស័យកសិកម្មពឹងផ្អែក ដោយបង្កការប្រឈមដល់ស្ថិរភាព និងផលិតភាពនៃប្រព័ន្ធកសិកម្មនៅទូទាំងពិភពលោក។
ចំណុចស្នូលនៃបញ្ហានេះ គឺសីតុណ្ហភាព។ កម្ដៅដែលកើនឡើងបានប៉ះពាល់ដល់សំណើមដី បង្កើនការភាយចំហាយទឹក និងធ្វើឱ្យដំណាំស្ថិតក្នុងស្ថានភាពតានតឹង។ រដូវដាំដុះដែលធ្លាប់តែអាចដឹងមុន បានក្លាយជាភាពមិនច្បាស់លាស់។ ដំណាំឆាប់ចាស់ហួសកំណត់ ឬលូតលាស់មិនពេញលេញ ដែលធ្វើឱ្យធ្លាក់ចុះទាំងទិន្នផល និងគុណភាព។ នៅក្នុងតំបន់ជាច្រើន កម្ដៅខ្លាំងលែងជារឿងចៃដន្យទៀតហើយ ប៉ុន្តែវាគឺជាការគំរាមកំហែងដែលកើតមានឡើងដដែលៗ និងអាចបំផ្លាញផលដំណាំទាំងស្រុង។
របបទឹកភ្លៀង ដែលជាដង្ហើមនៃវិស័យកសិកម្ម ក៏កំពុងប្រែប្រួលក្នុងរូបភាពដែលបង្កការលំបាកដល់ការដាំដុះ។ តំបន់ខ្លះជួបប្រទះគ្រោះរាំងស្ងួតអូសបន្លាយ ធ្វើឱ្យដីស្ងួតហួតហែង និងបាត់បង់ជីវជាតិ។ តំបន់ខ្លះទៀតជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី ដែលបង្កជាទឹកជំនន់ លិចលង់ស្រែចម្ការ ច្រោះដីស្រទាប់លើ និងបំផ្លាញសារធាតុចិញ្ចឹមរបស់ដី។ លំនឹងដីកសិកម្មដែលល្អ (គឺមិនស្ងួតពេក និងមិនសើមពេក) កាន់តែពិបាកក្នុងការរក្សា។
ការធ្លាក់ចុះនៃគុណភាពដី គឺជាផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមួយ ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលង។ ដីដែលមានសុខភាពល្អ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុដែលមានស្ថិរភាព។ នៅពេលដែលដីត្រូវរងគ្រោះដោយរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពខ្លាំងដដែលៗ រចនាសម្ព័ន្ធដីនឹងចុះខ្សោយ។ សារធាតុសរីរាង្គថយចុះ ជីជាតិដីធ្លាក់ចុះ ហើយដីកាន់តែបាត់បង់សមត្ថភាពក្នុងការទ្រទ្រង់ដំណាំ។ យូរៗទៅ វានាំឱ្យកើតមានបាតុភូតវាលខ្សាច់កម្ម ពោលគឺប្រែដីដែលធ្លាប់តែមានជីជាតិ ទៅជាដីដែលហួតហែងដាំអ្វីមិនដុះ។
នៅតំបន់ឆ្នេរ និងតំបន់ដីទាប ការគំរាមកំហែងថ្មីមួយកំពុងលេចឡើង គឺការកើនឡើងកម្រិតជាតិប្រៃ (Salinization)។ នៅពេលកម្ពស់ទឹកសមុទ្រកើនឡើង ទឹកប្រៃបានជ្រាបចូលទៅក្នុងដីស្រែ និងប្រព័ន្ធទឹកក្រោមដី។ ដំណាំដែលពឹងផ្អែកលើទឹកសាប មិនអាចរស់បានក្នុងស្ថានភាពដីប្រៃឡើយ ដែលបង្កឱ្យកសិករត្រូវបោះបង់ចោលដីស្រែ ឬប្តូរទៅដាំដំណាំផ្សេងដែលផ្តល់ចំណូលទាប។ ដំណើរការនេះកើតឡើងបន្តិចម្តងៗ ប៉ុន្តែបង្កការខូចខាតយ៉ាងជ្រាលជ្រៅ ជាពិសេសសម្រាប់សហគមន៍ដែលកំពុងរស់ក្នុងភាពខ្វះខាតរួចទៅហើយ។
សម្រាប់ប្រទេសកម្ពុជា ដែលវិស័យកសិកម្មនៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ច ហានិភ័យទាំងនេះមានកម្រិតខ្ពស់ណាស់។ ផ្ទៃដីស្រែ និងដីកសិកម្មនៅតាមបណ្តាខេត្តនានា កំពុងប្រឈមនឹងរបបទឹកភ្លៀងមិនទៀងទាត់ គ្រោះរាំងស្ងួតតាមរដូវ និងទឹកជំនន់។ តំបន់ជុំវិញបឹងទន្លេសាប ដែលជាបេះដូងនៃប្រព័ន្ធកសិកម្ម និងជលផលរបស់ប្រទេស មានភាពងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលនៃលំហូរទឹក និងពេលវេលានៃទឹកឡើង-ទឹកស្រក មិនត្រឹមតែប៉ះពាល់ដល់ការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់តុល្យភាពអេកូឡូស៊ីទាំងមូល ដែលទ្រទ្រង់ជីវភាពប្រជាជនជនបទ។
យើងមិនអាចមើលរំលងកត្តាមនុស្សនៅក្នុងបញ្ហាប្រឈមនេះបានទេ។ កសិករ ជាពិសេសកសិករខ្នាតតូច គឺជាអ្នកដែលងាយរងគ្រោះបំផុត។ ដោយមានធនធាន និងបច្ចេកវិទ្យាកម្រិតទាប ពួកគេត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក ថាតើគួរវិនិយោគបន្តលើរដូវកាលដែលមិនច្បាស់លាស់ ផ្លាស់ប្តូរមុខដំណាំ ឬបោះបង់របរកសិកម្មតែម្តង។ បញ្ហានេះជះឥទ្ធិពលដល់សន្តិសុខស្បៀង ការងារនៅជនបទ និងស្ថិរភាពជាតិ។
ទោះជាយ៉ាងណា ក្នុងបញ្ហាប្រឈមនេះ ក៏មានឱកាសក្នុងការគិតគូរឡើងវិញ និងការពង្រឹងប្រព័ន្ធកសិកម្មផងដែរ។ ការអនុវត្តកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដូចជាការកែលម្អប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ពូជដំណាំធន់នឹងរាំងស្ងួត និងការគ្រប់គ្រងដីឱ្យបានល្អប្រសើរ អាចជួយកាត់បន្ថយផលប៉ះពាល់បានមួយចំនួន។ កសិ-រុក្ខកម្ម (Agroforestry) កសិកម្មអភិរក្ស និងការគ្រប់គ្រងដីធ្លីចម្រុះ គឺជាផ្លូវឆ្ពោះទៅរកការស្តារសុខភាពដី និងបង្កើនភាពធន់។
គោលនយោបាយ និងអភិបាលកិច្ចនឹងដើរតួនាទីយ៉ាងសំខាន់។ ការគាំទ្រកសិករតាមរយៈការអប់រំ ឧបករណ៍ហិរញ្ញវត្ថុ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺជាកិច្ចការចាំបាច់។ ការការពារព្រៃឈើ និងតំបន់ផ្ទៃរងទឹកភ្លៀង ការរឹតបន្តឹងការប្រើប្រាស់ដីប្រកបដោយចីរភាព និងការបញ្ចូលកត្តាប្រែប្រួលអាកាសធាតុទៅក្នុងផែនការកសិកម្ម លែងជាជម្រើសទៀតហើយ ប៉ុន្តែវាគឺជាអាទិភាពបន្ទាន់បំផុត។
ការប្រែប្រួលអាកាសធាតុកំពុងសាកល្បងដែនកំណត់នៃដីកសិកម្ម ប៉ុន្តែវាក៏កំពុងសាកល្បងការឆ្លើយតបរបស់យើងផងដែរ។ ធនធានដីនៅតែបន្តផ្តល់ផលឱ្យយើង ប៉ុន្តែដីក៏ត្រូវការការថែទាំត្រឡប់ទៅវិញដែរ។ អនាគតនៃវិស័យកសិកម្ម មិនត្រឹមតែអាស្រ័យលើភាពធន់នៃដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យលើការប្តេជ្ញាចិត្តរបស់អ្នកដែលគ្រប់គ្រងវាផងដែរ។



