រ៉ាបាត៖ កងកម្លាំងអាមេរិកពីរនាក់បានបាត់ខ្លួននៅភាគនិរតីប្រទេសម៉ារ៉ុក បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធយោធាចម្រុះជាតិសាសន៍ប្រចាំឆ្នាំ នៅប្រទេសអាហ្រ្វិកខាងជើង។
តាមមន្ត្រីការពារជាតិអាមេរិកម្នាក់ ដែលមិនអនុញ្ញាតឲ្យនិយាយបញ្ហានេះជាសាធារណៈបានប្រាប់សារព័ត៌មាន The Associated Press ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រោយការហ្វឹកហាត់ប្រចាំថ្ងៃបានបញ្ចប់ ទ័ពដែលបាត់ខ្លួនពីរនាក់នោះបាននាំគ្នាចេញទៅដើរលេងកំសាន្តនៅតំបន់ក្បែរជំរុំ បន្ទាប់មកទ័ពទាំងពីរត្រូវបានគេប្រទះឃើញចុងក្រោយនៅជិតច្រាំងថ្មសមុទ្រ ហើយមូលហេតុនៃការបាត់ខ្លួននេះ អាចបណ្ដាលមកពីពួកគេធ្លាក់ចូលទៅក្នុងមហាសមុទ្រ។
តាម CNA បានឲ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងកាលពីថ្ងៃសៅរ៍ ទី០២ ខែឧសភា វេលាម៉ោងប្រហែល៩យប់ នៅជិតតំបន់ហ្វឹកហាត់ Cap Draa ក្បែរ Tan Tan ជិតមហាសមុទ្រអាត្លង់ទិក។ ដែលទីតាំងនោះហ៊ុមព័ទ្ធដោយភ្នំ វាលខ្សាច់ និងវាលទំនាបពាក់កណ្តាលវាលខ្សាច់ពាក់កណ្ដាល។
យ៉ាងណាមិញ ភ្លាមៗកងកម្លាំងអាមេរិក ម៉ារ៉ុក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោន បានពួតដៃគ្នាបើកប្រតិបត្តិការស្វែងរកជនរងគ្រោះយ៉ាងធំសម្បើមមួយ មិនថាតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ នោះទេ។
គួរបញ្ជាក់ឲ្យដឹងថា ម៉ារ៉ុក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។
ដើមឡើយ ទ័ពអាមេរិកដូចជា ឆ្មាំជាតិ កងបម្រុងទ័ពអាកាស និងកងម៉ារីន បានចូលរួមធ្វើសមយុទ្ធសង្គ្រាម មានបុគ្គលិកសរុបជាង ៧,000 នាក់មកពីជាង៣0ប្រទេស ដែលមានប្រទេសចំនួន៤ជាម្ចាស់ផ្ទះដូចជា ម៉ារ៉ុក ទុយនីស៊ី ហ្គាណា និងសេណេហ្គាល់ ចាប់ផ្តើមក្នុងខែមេសា ហើយគ្រោងនឹងបញ្ចប់នៅដើមខែឧសភានេះ។ តែជាអកុសល បែរជាទាហានអាមេរិកមកជួបហេតុការណ៍បាត់ខ្លួន ទាំងមិនបានព្រាងទុកបែបនេះទៅវិញ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





