2026-05-04 11:56
2

តេអេរ៉ង៖    អ៊ីរ៉ង់ត្រូវបានរាយការណ៍ថា កំពុងពិចារណាយុទ្ធសាស្ត្រមិនធម្មតា និងបង្កការចម្រូងចម្រាសមួយ ខណៈភាពតានតឹងនៅតែបន្តកើនឡើងក្នុងតំបន់ឈូងសមុទ្រ។ យុទ្ធសាស្ត្រនេះពាក់ព័ន្ធនឹងការប្រើប្រាស់ផ្សោតដែលបានហ្វឹកហាត់ ដើម្បីអនុវត្តការវាយប្រហារលើនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz។ នេះបើតាម News York Post ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ។ 

យោងតាមរបាយការណ៍របស់ The Wall Street Journal មន្ត្រីអ៊ីរ៉ង់កំពុងសិក្សាលទ្ធភាពនៃការដាក់ពង្រាយផ្សោតដែលបំពាក់មីន ដើម្បីវាយប្រហារគោលដៅសត្រូវ។ ការពិចារណានេះកើតឡើងក្នុងបរិបទដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធផ្ទៃក្នុងកាន់តែខ្លាំង បន្ទាប់ពីការបិទកំពង់ផែអ៊ីរ៉ង បណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេងរបស់ប្រទេស ជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

ទោះបីជាមានបទឈប់បាញ់ មានភាពផុយស្រួយជាមួយសហរដ្ឋអាមេរិកក៏ដោយ ក្រុមប្រឆាំងចំនួន នៅអ៊ីរ៉ង់បានមើលឃើញថា ការបិទផ្លូវនេះស្មើនឹងស្ថានភាពសង្គ្រាម ហើយកំពុងអំពាវនាវឲ្យមានសកម្មភាពយោធាឡើងវិញតតាំងប្រឆាំងអាមេរិច។ 

យុទ្ធសាស្ត្រប្រើសត្វផ្សោតនេះត្រូវបានមើលថា ជាផ្នែកមួយនៃការស្វែងរកវិធីសាស្ត្រថ្មីៗ ក្នុងការឆ្លើយតប នឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងធ្ងន់ធ្ងរឡើង។

ប៉ុន្តែវាមិនមែនជាគំនិតថ្មី រឺជារឿងថ្មីសម្រាប់អ៊ីរ៉ង់ឡើយ ចំពោះការប្រើប្រាស់សត្វសមុទ្រ សម្រាប់គោលបំណងយោធានោះ ។ 

តាមការរាយការណ៍របស់ BBC អ៊ីរ៉ង់បានទទួលផ្សោត ដែលទទួលបានការបណ្តុះបណ្តាលពីអតីតសហភាពសូវៀតនៅឆ្នាំ ២០០០។ 

នៅពេលនោះ សត្វទាំងនេះត្រូវបានហ្វឹកហាត់ឲ្យអនុវត្តបេសកកម្មដូចជា វាយប្រហារគោលដៅ និងដឹកជញ្ជូនគ្រឿងផ្ទុះ ដែលអាចរួមមានការវាយប្រហារបែបអត្តឃាតលើនាវាសត្រូវបន្ថែមទៀត។

លោក Hamidreza Azizi អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវក្នុងទីក្រុងប៊ែរឡាំង បានប្រាប់ The Wall Street Journal ថា ការបិទផ្លូវត្រូវបានមើលឃើញកាន់តែច្បាស់ពី ទីក្រុងតេអេរ៉ង់ថា មិនមែនជាជម្រើសជំនួសសង្គ្រាមទេ ប៉ុន្តែជាទម្រង់មួយនៃសង្គ្រាមផ្ទាល់។ លោកបន្ថែមថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ លោកយល់ឃើញថាអាចចាប់ផ្តើម បន្តជម្លោះ ប្រឈមនឹងការបិទផ្លូវយូរអង្វែង។

ក្រៅពីការគំរាមកំហែងប្រើប្រាស់ផ្សោតបំពាក់គ្រាប់មីន  អ៊ីរ៉ង់ក៏អាចពិចារណាដាក់ពង្រាយនាវាមុជទឹកនៅក្នុងច្រកសមុទ្រ Hormuz។  បន្ថែមពីនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានគំរាមកំហែងកាត់ផ្តាច់ខ្សែទូរគមនាគមន៍សំខាន់ៗដែលឆ្លងកាត់តំបន់នេះ ដែលអាចប៉ះពាល់ដល់ចរាចរណ៍អ៊ីនធឺណិតសកល និងបង្កើនភាពតានតឹងបន្ថែម។

សម្រាប់វិស័យដឹកជញ្ជូនពាណិជ្ជកម្ម ការព្រួយបារម្ភចម្បងនៅតែផ្តោតលើការគំរាមកំហែងលើផ្ទៃទឹកជាងមីនក្រោមទឹក។ 

មន្ត្រីអាមេរិកបានផ្តល់ការវាយតម្លៃខុសៗគ្នាអំពីកម្រិតគំរាមកំហែងនេះ ខណៈលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិក “បាញ់បំផ្លាញ” នាវាអ៊ីរ៉ង់ណាដែលព្យាយាមដាក់មីននៅច្រកសមុទ្រHormuz  ៕ 
ប្រែសម្រួលអត្ថបទដោយ៖ ឈួន ណាគ្រី