2026-05-04 11:53
3

អ៊ីស្រាអែល៖. ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសនៅថ្ងៃអាទិត្យទី 3 ខែឧសភា នេះ បានអនុម័តកិច្ចព្រមព្រៀងមួយមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ទិញយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក។ ការសម្រេចនេះកើតឡើងនៅពេលមានភាពតានតឹងកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធនឹងអ៊ីរ៉ង់។

កិច្ចព្រមព្រៀងនេះរួមមានការទិញយន្តហោះចម្បាំងបំបាំងកាយពហុតួនាទី F-35 ពីក្រុមហ៊ុន Lockheed Martin និងយន្តហោះចម្បាំង F-15IA ពីក្រុមហ៊ុន Boeing។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួង កិច្ចព្រមព្រៀងទាំងនេះមានតម្លៃរាប់ប្រហែល 119 ពាន់លានដុល្លារ) បានបម្រុងទុកសម្រាប់ការពង្រឹងផ្នែកយោធា។ ក្រសួងបានបញ្ជាក់ថា យន្តហោះទាំងនេះ “នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍកម្លាំងរយៈពេលវែងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីឆ្លើយតបនឹងការគំរាមកំហែងក្នុងតំបន់ និងរក្សាឧត្តមភាពផ្លូវអាកាសជាយុទ្ធសាស្ត្រ”។

ការបញ្ជាទិញថ្មីបន្ថែមនេះនឹងធ្វើឱ្យកងយន្តហោះ F-35I របស់អ៊ីស្រាអែលកើនដល់ប្រហែល 100 គ្រឿង ខណៈយន្តហោះ F-15IA ដែលជាកំណែបំលែងពី F-15EX នឹងមានចំនួនប្រហែល 50 គ្រឿង។

បច្ចុប្បន្ន អ៊ីស្រាអែលមានយន្តហោះ F-35I ចំនួន 48 គ្រឿង បន្ទាប់ពីការបញ្ជាទិញដំបូងចំនួន 50 គ្រឿង។ នៅឆ្នាំ 2023 ប្រទេសនេះបានបញ្ជាទិញបន្ថែម 25 គ្រឿង ដែលគេរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូននៅឆ្នាំ 2028។ 

ខណៈនៅឆ្នាំ 2024 ក៏មានការបញ្ជាទិញយន្តហោះ F-15IA ចំនួន 25 គ្រឿងបន្ថែម ដែលរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូននៅឆ្នាំ 2031។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងថា សង្គ្រាមថ្មីៗនេះជាមួយអ៊ីរ៉ង់ “បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពខ្លាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល និងតួនាទីសំខាន់របស់វាក្នុងការការពារប្រទេស”។

លោកបានបន្ថែមថា “មេរៀនពីយុទ្ធនាការនោះបញ្ជាក់ថា យើងត្រូវបន្តវិនិយោគក្នុងការកសាងកម្លាំងយោធា ដើម្បីធានាឧត្តមភាពផ្លូវអាកាសសម្រាប់អនាគតរយៈពេលវែង”។

ជាមួយគ្នានេះ អគ្គនាយកក្រសួងការពារជាតិ លោក Amir Baram បាននិយយថា ក្រៅពីការផ្គត់ផ្គង់បន្ទាន់ក្នុងស្ថានភាពសង្គ្រាម បច្ចុប្បន្នភាពត្រូវការឱ្យមានសកម្មភាពឆាប់រហ័ស ដើម្បីធានាថា កងកម្លាំងការពារអ៊ីស្រាអែល IDF នឹងរក្សាបានអត្ថប្រយោជន៍យោធារបស់ខ្លួនក្នុងរយៈពេលយូរ។

លោកក៏បានបញ្ជាក់ថា ប្រតិបត្តិការ សត្វតោគ្រហឹម“Roaring Lion” បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រមទាំងតួនាទីសំខាន់របស់កម្លាំងអាកាសទំនើបក្នុងសង្គ្រាមសម័យថ្មី៕
ប្រែសម្រួលអត្ថបទដោយ៖ ឈួន ណាគ្រី