2026-05-04 13:56
4

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតកាបូប D’LUXE INTERNATIONAL Co.,ltd. នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ការអញ្ជើញចុះដោយផ្ទាល់ របស់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងភាពបៃតងនៅកម្ពុជា។ 

ជាមួយគ្នានេះ លោកក៏ទទួលស្តាប់ពីបញ្ហាប្រឈម និងធាតុចូលនានាពីម្ចាស់រោងចក្រសហគ្រាស កម្មករ-កម្មការិនី ដែលកំពុងបំពេញការងារដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ឈានឆ្ពោះទៅរោងចក្រស្អាត ការវិនិយោគបៃតង។

ការគាំទ្រ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលអនុលោមតាមការវិនិយោគបៃតងនេះ គឺជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ 

ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង តាមរយៈបង្កើតឱកាសការងារថ្មីៗ និងធានាបាននូវកំណើនសេដ្ឋកិច្ច ដែលមិនបំផ្លាញធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ។ 

លើសពីនេះ គឺជាការបង្រៀនឱ្យអ្នកវិនិយោគមានភាពស្អាតផ្នែកខាងក្នុងដោយមានការទទួលខុសត្រូវសង្គមដែលផ្តោតជាសំខាន់ចំពោះសុខភាពសាធារណៈ និងការគោរពតាមបទដ្ឋានជាតិ-អន្តរជាតិដូចជាគោលការណ៍ ESG – Environmental Social and Governance។

ជារួម ការវិនិយោគបៃតងមិនត្រឹមតែជាការធ្វើអាជីវកម្ម ដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីអនាគតប្រកបដោយចីរភាព ដែលគោលបំណងចម្បងនៃការវិនិយោគបៃតង (Green Investment) នេះ គឺដើម្បីបង្កើតផលចំណេញផ្នែកសេដ្ឋកិច្ច ទន្ទឹមគ្នានេះក៏ជាការជំរុញឱ្យមានចីរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធ្យូងថ្ម។

ការបង្កើត ឬប្រើប្រាស់បច្ចេកវិទ្យាដែលស៊ីថាមពលតិច ដូចជាអគារវៃឆ្លាត (Green Buildings) ឬឧបករណ៍អគ្គិសនីសន្សំសំចៃខ្ពស់។ ការគ្រប់គ្រងសំណល់ និងការកែច្នៃ ដែលមានប្រព័ន្ធចម្រោះទឹកកខ្វក់ ការកែច្នៃសំណល់ឡើងវិញ (Recycling) និងការកាត់បន្ថយការបំពុល។ 

លើសពីនេះ ការគាំទ្រដល់បច្ចេកទេសកសិកម្មដែលមិនប្រើប្រាស់សារធាតុគីមីបំផ្លាញដី និងការថែរក្សាធនធានទឹក រួមទាំងការដឹកជញ្ជូនស្អាតដែលមិនបំភាយឧស្ម័នពុល។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារៀងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាមសំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។ 

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យផលិតកម្ម និងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាម សំណល់រឹង ឲ្យបានកាន់តែល្អប្រសើរទៀត តាមរយៈចូលរួមសហការល្អ ជាមួយក្រុមហ៊ុនផ្តល់សេវា ជាមួយសមាគមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឲ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានសំដែងការអបអរសាទរចំពោះរោងចក្រ ដែលបានអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថាន បានល្អ បង្កើតបរិយាកាសនៅកន្លែងធ្វើការល្អ មានផាសុកភាព ហើយបានអនុវត្តបទដ្ឋានគតិយុត្តទាំងឡាយរបស់កម្ពុជា ហើយកន្លងមកផលិតផលចេញពីកម្ពុជា មានស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានមានប្រសាសន៍ អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាននិងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស (King Grass) ដើម្បីធ្វើជាជីវម៉ាស់ (Biomass) ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយផងដែរ។ 

លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនី ដើរដោយថាពលពន្លឺព្រះអាទិត្យ (Solar) នៅលើដំបូល ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូន ពីរោងចក្រ ក៏ដូចជាការចូលរួមចំណែក ជំរុញថាមពលបៃតងនៅកម្ពុជា។

តាមរយៈទស្សនកិច្ចនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងរោងចក្រនានាបន្តរក្សាស្តង់ដារបរិស្ថានខ្ពស់ ជាពិសេសរៀបចំទុកដាក់ សំរាម សំណល់រឹង សំណល់រាវឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងឱ្យមានចីរភាពនៅកម្ពុជាតរៀងទៅ៕