2023-08-06 10:08
285


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយ លោក ង្វៀង ហ្វូចុង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ ដោយភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
    ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេ ដោយទទួលបាន ១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី។ 
    ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ៊្វុង បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះ ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនី តិកាលទី៧ នៃរដ្ឋសភា និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជន ចំពោះគណបក្សប្រជាជនកម្ពុជា។
    សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ង្វៀន ហ៊ូចុង ដែលបានផ្ញើលិខិតអបអរសាទរ និងជូនពរតាមទូរសព្ទ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ ដែលជាសក្ខីភាព នៃសាមគ្គីភាព និងភារតភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
   សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជា បន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ក្រោមការដឹកនាំរបស់ ឯកឧត្តម ង្វៀន ហ៊ូចុងជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើក កម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់វៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ។
    ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខណ្ឌអនុតំបន់ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

    នៅចុងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ង្វៀន ហ៊ូចុង អគ្គ លេខាធិការ និងថ្នាក់ដឹកនាំដទៃទៀតនៃបក្សកុម្មុយនីស្តវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា តាម ពេលវេលាសមស្រប។ ទន្ទឹមនោះដែរ ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការ ក៏បានអញ្ជើញ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចនៅ ប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕