2023-08-15 10:08
287

 

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
   ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្តីរាយការណ៍ជម្រាបជូនសម្តេច និងអង្គពិធីថា និស្សិតជ័យលាភីទាំងនេះជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ 
    ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំង៦ ដែលបានបំពេញបានតាមតម្រូវការ នៃការងារបណ្ដុះបណ្ដាលស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់របស់ខ្លួន។
    អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថានិស្សិតជ័យលាភីទាំងអស់នេះ ជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិដែលមានលក្ខណសម្បត្តិសមស្រប និងប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍន៍របស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត។
    សម្តេចក្រឡាហោម មានប្រសាសន៍ថាការបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្មីមួយទៀតនេះ ជាសក្ខីភាពបង្ហាញអំពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល។ 
    សម្ដេចក៏បានផ្តល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជាបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍន៍ស្របតាមស្តង់ដារគុណភាព និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
    ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាលទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។ 
    សម្ដេចក្រឡាហោម ក៏បានកោតសរសើរចំពោះបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន នាពេលកន្លងមក ហើយបានចាត់ទុកថាការងារនេះបង្ហាញជាលទ្ធផលថាយើងកាន់តែមានសមត្ថភាព កាន់តែមានលទ្ធភាព និងម្ចាស់ការ ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលរបស់យើង៕