2023-08-18 05:08
149

កណ្តាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នដចម្លង អរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ 

ការផ្អាកដចម្លងអរិក្សត្រនេះ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ បញ្ជៀសការកកស្ទះចរាចរណ៍ក្នុងពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី។

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមធ្វើការ ផ្អាកដចម្លង អរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០២៣។

ចំពោះប្រជាពលរដ្ឋអាចធ្វើចរាចរតាមដចម្លង អរិយក្សត្រ-អូតែលសុខា ស្វាយជ្រុំ-ជ្រោយចង្វារ កោះរះ-កោះប្រាក់ និងដផ្លូវត្រី៕