
(កំពត)នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥នេះលោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងនគរបាលខេត្តកំពតបានប្រាប់ឲ្យដឹងថានៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់ សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលមរណ:ចំនួន ០៧នាក់ ទឹកប្រាក់សរុបមានចំនួន ១៣២,៧៦២,៥០០៛ (មួយរយសាមសិបពីរលាន ប្រាំពីររយហិកសិបពីរពាន់ ប្រាំរយរៀល) ។
ក្នុងនោះមន្ត្រីមរណភាពម្នាក់ៗ ទទួលបានប្រាក់ចាប់ពី ១៦,៣៤០,០០០៛ ដល់ ២១,០៤២,៥០០៛ ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការ ដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលបានខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ អប់រំកូនចៅ និងថែរក្សា សុខភាព អនាម័យ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្សេងៗទៀត។(សឹង រ៉ាត់)
