2023-08-19 12:08
153

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ២នាក់ត្រូវកម្លាំងកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចហាងលក់ទូរស័ព្ទ លីគ័ង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ធូ លំអង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មាន៖ ១-ឈ្មោះ សានិត ឃៀនបូផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 ២.ឈ្មោះ KITIPONG SRIBUANAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា៖ កាលពីវេលាកេីតហេតុ មានជនជាតិថៃចំនួន០២នាក់បានមករកទិញទូរស័ព្ទដៃម៉ាក Iphone 14promax ពណ៌ស្វាយ ចំនួន០១គ្រឿងពីហាងរបស់ជនរងគ្រោះ ដោយម្នាក់ចូលមកទិញនិងម្នាក់ទៀត អង្គុយចាំនៅលើម៉ូតូ ពេលនោះជនរងគ្រោះបានឱ្យទូរស័ព្ទទៅជនសង្ស័យនោះមើល ស្រាប់តែជនសង្ស័យបានរត់ឡើងលើម៉ូតូដេីម្បីគេចខ្លួន តែសំណាងអាក្រក់ស្រាប់តែដួលម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋចាប់បានទាំង២នាក់ ហើយប្រគល់ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ 

ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា៖ ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។
ចំណែកទូរស័ព្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានប្រគល់ជូនជនរងគ្រោះវិញហើយ៕