2023-08-19 01:08
200

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមក្នុងល្បឿនលឿននិងបានវ៉ាជែងរថយន្តមួយគ្រឿងនៅពីមុខរេចង្កូតជ្រុលទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿងទៀតបណ្ដាលឱ្យដួលរងរបួសធ្ងន់ និងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2X-9932 បើកបរដោយស្រ្តីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JH-9737 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 371 ទិសដៅបញ្ច្រាសគ្នាពីលិចមកកើតក្នុងល្បឿនលឿន និងបានវ៉ាជែងរថយន្តមួយគ្រឿងទៀតមិនចាំផ្លាកលេខដោយឆ្លងកន្លងផ្លូវទៅបុករថយន្តហាយឡេនឌ័រចំពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕