2023-08-21 10:08
344

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា « រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។ 

ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលយ៉ាងដូច្នេះ ក្នុងឱកាសព្រះអង្គយាងបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ព្រះអង្គមានព្រះរាជបន្ទូលថា «ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ»។ 

ព្រះអង្គបានសម្ដែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ 

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា «ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មី នាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត»៕