2023-08-21 12:08
347

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសមាជិក សមាជិករដ្ឋសភាជាប់ឆ្នោតទាំង ១២៥នាក់ ព្រមទាំងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ 

អញ្ជើញចូលរួមថ្វាយព្រះរាជគារវកិច្ច និងចូលរួមក្នុងពិធីបើកសម័យប្រជុំនាឱកាសនោះ រួមមាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។ 

នាឱកាសដ៏ឧដុង្គឧត្តមនោះ ព្រះមហាក្សត្រព្រះអង្គមានព្រះរាជបន្ទូលថា «ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ»។ 

ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ 

ព្រះករុណាបានព្រះរាជបន្ទូលទៀតថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។ 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ 

ព្រះអង្គបានព្រះរាជសង្កត់ធ្ងន់ថា «ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ព្រះអង្គក៏បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល»។ 

សូមបញ្ជាក់ថា បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ រួចកកនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋសភា ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានអាយុច្រើនជាងគេ ដោយមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានអាយុតិចជាងគេចំនួន ០៥រូប ជាជំនួយការក៏បានបន្តដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយបានធ្វើការអនុម័តលើរបៀបវារៈ ចំនួន២ គឺ ទី១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧៕