2023-08-21 05:08
179

ខេត្តស្វាយរៀង៖  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៧នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣១៦ ស្ថិតនៅចំណុចភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បុរសកម្មកររោងចក្រម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ឌត់រវាងអ្នកបើកត្រាក់ទ័រគូបូតាដឹកគ្រែមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះនៅ សុជាតិ  អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ  មានទីលំនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង   ។

ចំណែកអ្នកបើកត្រាក់ទ័រគូបូតាមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយបង្កហេតុឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ស្រមោល។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកត្រាក់ទ័រគូបូតា M6040su ពណ៌ក្រហម  សណ្ដោងរឺម៉កដឹកគ្រែក្នុងទិសដៅពីជើងទៅត្បូងដោយបើកបរមិនប្រកាន់ស្តាំ នៅលើផ្លូវជាតិលេខ៣១៦ ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក suzuki viva ពណ៌ខ្មៅលាយក្រហម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង ១N-៨៣៦៥ ក្នុងទិសដៅបញ្ច្រាសគ្នាដោយបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងល្ងាច។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកម៉ូតូនិងត្រាក់ទ័រមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសព សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕