2023-08-21 07:08
125

 

កណ្តាល៖ អគ្គីភ័យបានឆាបឆេះ ភោជនីយ៍ដ្ឋាន និងហាងការ៉ាអូខេមួយកន្លែង យីហោរ «ដើមឬស្សី»  បង្កភាពភ្ញាក់ផ្អើលដល់បុគ្គលិក និងភ្ញៀវរត់ប្រសាចចេញមកក្រៅម្នាក់ៗទាំងព្រលឹងចុងសក់។ 
    ហេតុការណ៍ករណីគ្រោះអគ្គីភ័យខាងលើនេះ កើតឡើងនៅវេលាម៉ោង ១៦និង៥០នាទីល្ងាច ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ជាប់ផ្លូវជាតិលេខ៤ ខាងកើតផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ 
    តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីភោជនីយដ្ឋាន កន្លែងកំសាន្តស្បាយ និងការ៉ាអូខេ យីហោរ «ដើមឬស្សី» និងឃើញមានបុគ្គលិកនារីៗ និងភ្ញៀវនាំគ្នារត់ប្រសាចចេញពីក្នុងហាងមកខាងក្រៅដោយម្នាក់ៗភ័យស្លន់ស្លោរភ្នែកនៅកញ្ចឹងករបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចការិយាល័យជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កងពលតូចលេខ៧០ និងមានការចូលរួមពីស្នងការខេត្តកំពង់ស្ពឺ ចេញជួយបាញ់ពន្លត់ ព្រមទាំងទប់ស្កាត់ ដើម្បីកុំឲ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែៗនោះ ដោយគ្រប់គ្រងសភាពការបានទាំងស្រុង។ 
    ចំពោះមូលហេតុដែលបង្កឲ្យមានករណីអគ្គីភ័យខាងលើ តាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀតផងដែរ៕