2023-08-22 12:08
192

(កែប)កាលពីរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចេញសេចក្តីណែនាំដល់ មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកែបទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងក្ដាប់ឱ្យភ្ជាប់ក្នុងការគ្រប់គ្រង់ឱ្យបានច្បាស់មុខសញ្ញាជួញដូរនិងអ្នកលក់ ចែកចាយគ្រឿងញៀន  និងអ្នកដែលពាក់ព័ន្ធ ជាពិសេសនោះអ្នកចំណាលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ឬប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលា។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសណែនាំដល់មន្ត្រីដូចនេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ អ្វីៗដើម្បីប្រជាពលរដ្ឋ ជាចម្បង ត្រូវបញ្ឈប់រើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំបង្ការ ដែលមានសមាសភាពចូលរួមពីអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ពិធីនេះបានធ្វើឡើងនៅសាលប្រជុំស្តង់ដាសាលាខេត្តកែប។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា ការប្រារព្វទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងគោលបំណងដើម្បីបន្តពង្រឹង លើកកម្ពស់ការងារមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងបរិបទរបស់ពិភពលោក។  

ជាមួយគ្នានេះអភិបាលខេត្តបានណែនាំផ្ដាំផ្ញើមន្ត្រីជំនាញក្នុងការគ្រប់គ្រង និងក្តាប់នូវមុខសញ្ញាចែកចាយគ្រឿងញៀនឱ្យបាននៅក្នុងខេត្ត គឺ សំដៅកាត់ផ្តាច់ក្នុងការជួញដូរ ទាំងនោះហើយឯកឧត្តម អភិបាលខេត្តកែប បានជំរុញឱ្យមន្ត្រីនគរបាលរដ្ឋបាលត្រូវពង្រឹងសមត្ថភាព ឱ្យមានប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់ នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានក្រើនរំលឹក ឲ្យប្អូនៗសិស្សានុសិស្ស និងអ្នកដែលមានការពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀន ការប្រើប្រាស់ (បើមាន)ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះនោះត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។(សឹង រ៉ាត់)