2023-08-22 01:08
207

ពោធិ៍សាត់៖ មុខសញ្ញាជនសង្ស័យ ចំនួន ០៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣ករណីផ្សេងៗគ្នា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ 

លោកវរសេនីយ៍ឯក នាង វុធ អធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រសាសន៍ចង្អុលការ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចេញប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ០៣ករណី នឹងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៩នាក់ និងវត្ថុតាងមួយចំនួន។ 

លោកអធិការបានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង ១១និង៤៥នាទី កម្លាំងប៉ុស្តិ៍រំលេច ចំនួន ០៤នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ សុផល នាយប៉ុស្តិ៍រំលេច បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ សឹម ទុល ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិកូនត្នោត ឃុំរំលេច ជាផ្ទះម្ចាស់បានទុកចោលទៅក្រាំងគោ នៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ផាត សុខរឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន និងទី២- ឈ្មោះ អាន់ ទូ ភេទប្រុស អាយុប១៨ឆ្នាំ រស់នៅភូមិព្រៃអម្ពន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដកហូតវត្ថុតាង ម្សៅក្រាមវពណ៌សថ្លាបសង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់តូច ស្មើនឹងទម្ងន់០.១៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ប្រដាប់ជក់ ០១កំប្លេ។ 

លោកាអធិការបន្តទៀតថា នៅវេលាម៉ោង ១៣និង៥៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានសហការណ៍ជាមួយប្រជាការពារចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ភឿន ណូ ភេទប្រុស អាយុ ២៥ឆ្នាំ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៦នាក់ រួមមាន៖ ទី១- ឈ្មោះ ញ៉ន ចាន់ថង ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ទី២- ឈ្មោះ នី ស្រីនីត ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិក្តាត ឃុំមេទឹក ទី៣- ឈ្មោះ ញៀន សីហា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ទី៤- ឈ្មោះ លី សុវ៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្តុកប្រវឹង ឃុំស្តុកប្រវឹង ស្រុករុក្ខគីរី ខេត្តបាត់ដំបង ទី៥- ឈ្មោះ យួន នា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្តុកប្រវឹង ឃុំស្តុកប្រវឹង ស្រុករុក្ខគីរី ខេត្តបាត់ដំបង និងទី៦- ឈ្មោះ ភឿន ណូ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារជាម្ចាស់ផ្ទះ និងដកហូតវត្ថុតាងរួមមាន ប្រដាប់ជក់ ០១កំប្លេ អំពូលជក់គ្រឿងញៀន ០៥ ដែកកេះ ០៤ ថង់រំលែកថ្នាំ មួយចំនួន និងម៉ូតូ ចំនួន ០២គ្រឿង ។ 

ដោយឡែក នៅវេលាម៉ោង ១៨និង០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ចំនួន ០៣នាក់ ចេញល្បាត ពួនស្ទាក់ចាំផ្លូវ នៅចំណុច ក្រោយសាលាវិទ្យាល័យអូរតាប៉ោង ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង បានឆែកឆេរម៉ូតូ ០១គ្រឿង បើកបរដោយឈ្មោះ សាន សុខចេក ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ជាមុខសញ្ញា រក្សាទុកជួញដូរចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ជាលទ្ធផលសមត្ថកិច្ចបានឆែកឆេរ រកឃើញ វត្ថុតាង ម្សៅក្រាម ពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច ទម្ងន់០.២១ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ដែកកេះ០២ ថង់រំលែកថ្នាំ ចំនួន០១ បារី ០១កញ្ចប់ និងម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។ 

លោកវរសេនីយ៍ឯក នាង វុធ បានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យទាំង ០៩នាក់ រួមនឹងវត្ថុតាងសមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕