2023-08-22 01:08
186

ខេត្តបន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣ បានបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុក   គឹមហួរ អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង  លោកនាយការិយាល័យ លោកអធិការនគរបាល ស្រុក ក្រុងទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤  និងលោកនាយប៉ុស្តិ៍ទាំង៦៧  ។ 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ និគោរពអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅនេះ បានល្អប្រសើរ ធ្វើដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនោះឡើយ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោត ដែលធ្វើឲ្យការងារបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនិងអំពើចលាចលណាមួយកើតឡើងក្នុងខេត្តនេះ ។

លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានបញ្ជាក់ថា៖ ការចុះធ្វើសវនកម្មនេះ ក្នុងគោលបំណង ដើម្បីធ្វើកិច្ចប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗដំណើរការប្រកបដោយប្រសិទ្ធភាព គណនីយភាពនិងភាពសន្សំសំចៃព្រមទាំងការចូលរួមប់ស្កាត់ខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ ព្រមទាំងជម្រុញការកៀងគរនិងការគ្រប់គ្រងចំណូលចំណាយថវិការដ្ឋ ថវិកាហិរញ្ញប្បទាននិងបំណុលជាពិសេសការប្រើប្រាស់ថវិកាឲ្យចំគោលដៅនិងដោយផ្តោតសំខាន់ពិនិត្យបញ្ជីគ្រប់គ្រងមន្ត្រីនគរបាលជាតិយើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះចាប់ពីស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាលក្រុង ស្រុកទាំង០៩និងវរសេនាតូច ការពារព្រំដែនគោកទាំង០៤ មានកម្លាំងជាក់ស្តែងប៉ុន្មានពិតប្រាកដ និងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីក្រសួងងាយស្រួលមានវិធានការបន្ថែមឬបន្ថយ ។មួយវិញទៀតការចុះធ្វើសវនកម្មផ្ទៃក្នុងគឺជាការងារស្នូលមួយដែលត្រូវធ្វើជាប្រចាំនិងមានលក្ខណៈជាប្រព័ន្ធដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹងនូវការងារអភិបាលកិច្ចល្អរបស់សនវកម្មនីមួយៗក៏ដូចជាអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យនិងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការងារគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យបានឆ្លើយតបទៅនឹងការយកចិត្តទុកដាក់និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។ ទន្ទឹមនោះដែរ ក៏សូមជម្រុញដល់គ្រប់ស្នងការដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់លើកម្រិតការងារក៏ដូចជាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងតម្លាភាព ៕