2023-08-23 12:08
260

ខេត្តព្រះសីហនុ÷ពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានស្នើសុំឱ្យក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពកាលពីព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២៣កន្លងទៅដើម្បីផ្សព្វផ្សាយជម្រាបជូនដល់ថ្នាក់ដឹកនាំខាងលើឲ្យជួយពួកគាត់។

ពេលក្រុមអ្នកសារព័ត៌មានយើងទៅដល់ទីតាំងភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅកន្លងមកមានការតក់ស្លុតយ៉ាងខ្លាំងគ្រាដែលឃើញផ្ទះរបស់ពួកគាត់ត្រូវគេអានិងត្រង់ទុយនើរ កាប់បំផ្លាញខ្ទេចខ្ទីគ្មានសេសសល់អស់ជាច្រើនខ្នង។

លោក ថុង មិន ដែលជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានប្រាប់អ្នកសារព័ត៌មានយើងថាប្រជាពលរដ្ឋពួកគាត់ជាង 50 គ្រួសារបានមកតាំងទីលំនៅរស់នៅអាស្រ័យផលដាំដំណាំទីនេះអស់រយៈពេលជាយូរឆ្នាំកន្លងមកហើយពុំដែលមានបុគ្គលឬក្រុមហ៊ុនណាមួយអះអាងថាជាដីរបស់ពួកគេនោះដែរ។

លោក( ធុង មិន)បានបន្តទៀតថា÷ទើបតែនៅព្រឹកប្រហែលម៉ោង 9:30 នាទីថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣ កន្លងទៅនេះស្រាប់តែមានកម្លាំងរបស់អាជ្ញាធរស្រុកស្ទឹងហាវជាច្រើននាក់ មាននគរបាលកម្លាំងប្រជាការពារភូមិនិងប្រជាពលរដ្ឋស៊ីឈ្នួលវាយផ្ទះជាង 50 នាក់ប្រដាប់ដោយរណាយន្តកាំបិតពូថៅមកអា កាប់បំផ្លាញផ្ទះរបស់ពួកគាត់អស់ជាច្រើនខ្នងនិងយកកាំបិតកាប់ដំបូល ជញ្ជាំងផ្ទះខ្ទេចខ្ទីគ្មានសេសសល់ ដោយមិនបានជូនដំណឹងឬរកដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋពួកគាត់នោះឡើយ។

លោកស្រី ប៉ាន ចំរើន កម្មការិនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបានប្រាប់អ្នកសារព័ត៌មានយើងថាពេលដែលអាជ្ញាធរស្រុកស្ទឹងហាវមកកាប់រំលំផ្ទះរបស់ពួកគាត់គឺពួកគាត់ពុំបាននៅផ្ទះនោះទេពោលគឺគាត់ជាប់រវល់ធ្វើការនៅរោងចក្រខាងលើ។
លោកស្រីបានបន្តទៀតថាគាត់ធ្វើការនៅរោងចក្រនេះចាប់ពីព្រឹករហូតដល់ល្ងាចទើបត្រឡប់មកផ្ទះវិញ។ក្រោយពេលត្រឡប់មកផ្ទះវិញស្រាប់តែឃើញស្ពានដែលជាញើសឈាមរបស់ប្រជាពលរដ្ឋពួកគាត់ដែលបានស្រាក់លុយគ្នាធ្វើដើម្បីឆ្លងកាត់ព្រែកទៅផ្ទះរបស់ពួកគាត់ត្រូវបានក្រុមអាជ្ញាធរស្រុកស្ទឹងហាវអានឹងរណាត្រង់ទិយនើរកាត់ផ្ដាច់ទំលាក់ចូលទឹកព្រែកមិនឱ្យពួកគាត់ឆ្លងទៅផ្ទះ មិនតែប៉ុណ្ណោះអាជ្ញាធរស្រុកស្ទឹងហាវបានកាត់និងកាត់បំផ្លាញផ្ទះសម្បែងដែលជាជម្រករបស់ពួកគាត់ខ្ទេចខ្ទីគ្មានសេសសល់នោះឡើយ។

លោក សុខ លី ដែលជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានប្រាប់អ្នកសារព័ត៌មានយើងថា÷អាជ្ញាធរស្រុកស្ទឹងហាវបានដឹកនាំកម្លាំងជាច្រើននាក់មកអាបំផ្លាញស្ពានរបស់ពួកគាត់ដែលខំប្រឹងប្រែងធ្វើដើម្បីឆ្លងកាត់ធ្វើដំណើរទៅធ្វើការងារនៅរោងចក្រនិងខ្លះធ្វើសំណង់ផងនោះ ហើយម្យ៉ាងវិញទៀតអាជ្ញាធរស្រុកស្ទឹងហាវបានអារកាប់វាយកម្ទេចផ្ទះប្រជាពលរដ្ឋអស់ចំនួន១២ ខ្នងផ្ទះផងដែរ។

ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះលោក វ៉ាន់ វឿន អនុប្រធានភូមិមួយឃុំអូរត្រេះបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធទូរសព្ទនាម៉ោង 11.00នាទីព្រឹក ថ្ងៃទី២២ខែសីហាឆ្នាំ២០២៣នេះថា ក្នុងការចុះអនុវត្តនេះ ខាងស្រុកមិនបានជូនដំណឹងមកខាងភូមិទេ លោកបញ្ជាក់ថាកម្លាំងដែលចុះមកនោះគឺជាកម្លាំងបញ្ជាការឯកភាពស្រុកស្ទឹងហាវ  ចំណែកលោក លឹម នូស៊ុន មេឃុំអូត្រេះស្រុកស្ទឹងហាវបានផ្ដល់បទសម្ភាសន៍តាមប្រព័ន្ធទូរស័ព្ទនៅវេលាម៉ោង10.46នាទីព្រឹក ថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ដែលមានខ្លឹមសារថា ក្នុងការចុះវ៉ៃកំទេចទីតាំងខាងលើនេះ ខាងភូមិឃុំរបស់លោកមិនទទួលបានការជូនដំណឹងពីខាងស្រុកនោះទេ។ 

ដោយឡែកលោកស៊ុនពិសីអភិបាលរងស្រុកស្ទឹងហាវខេត្តព្រះសីហនុ។បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានយើងនៅវេលាម៉ោង10.57នាទីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៣យ៉ាងដូច្នេះថា ក្នុងប្រតិបត្តិការចុះនៅថ្ងៃទី 10 ខែសីហាឆ្នាំ 2023 កន្លងទៅនេះគឺលោកចុះតាមលិខិតបង្គាប់ការរបស់លោកអភិបាលស្រុកស្ទឹងហាវ ហើយទីតាំងខាងលើនេះគឺត្រូវធ្វើជាទីលានចាក់សំរាម។

លោកស៊ុនពិសីបានបញ្ជាក់ថាទីតាំងខាងលើនេះគឺជាទីតាំងដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ 2002 ហើយកន្លងមកលោកក៏ធ្លាប់បានជម្រាបមកខាងប្រជាពលរដ្ឋផងដែរថាប្រសិនបើមានឯកសារយោងទាក់ទងទៅនឹងការរស់នៅអាស្រ័យផល សូមយកឯកសារមកដាក់នៅសាលាស្រុក ក៏ប៉ុន្តែរហូតតាំងពីការជូនដំណឹងមកដល់ពេលនេះលោកមិនទាន់ទទួលបានឯកសារពីប្រជាពលរដ្ឋនោះទេ។