2023-08-23 04:08
201

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍រថយន្តបុកជាមួយម៉ូតូមានមនុស្សស្លាប់និងរបួសនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងឈូក,ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកម្នាក់ទៀតរួមដំណើបានរងរបួស ហើយត្រូវបានដឹកយកទៅព្យាបាល ខណៈដែលជិះម៉ូតូឌុបគ្នា បុកជាមួយរថយន្តបែនដឹកដី។

នគរបាលចរាចរណ៍ស្រុកបសេដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក Nissan Diesel UD  គ្មានផ្លាកលេខ (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ) បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ ពីទិសខាងជើងទៅទិសខាងត្បូង។ លុះពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ស្រាប់តែបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ព្រៃវែង1N-7676 បើកបរដោយឈ្មោះ ឡូង ស្រីទី ភេទស្រី អាយុ១៤ឆ្នាំរស់នៅភូមិអូរ ឃុំទួលសាលា ស្រុកបសេដ្ឋ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងក្មេងស្រីម្នាក់ទៀតដែលរួមដំណើរ ឈ្មោះ ភិន ណារី ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិអូរព្រាល ឃុំស្វាយរំពារ ស្រុកបសេដ្ឋរងរបួស ដែលកំពុងបើកបរពីក្រោយហើយបើកជែងរថយន្តនោះ។

ប្រភពព័ត៌មានពីនគរបាលចរាចណ៍ បានបន្តទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ផ្នែកជំនាញបានកំពុងស្រាវជ្រាវនិងបន្តស្វែង រកអ្នកបើកបររថយន្តនោះ។

ចំណែកសពក្មេងស្រី ជនរងគ្រោះនគរបាលជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំងពីរគ្រឿងខាងលើផ្នែកនគរបាលជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕