2023-08-23 04:08
212

សាខា កក្រក ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំបឹងព្រួល និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគហរោះចំនួន២៣គ្រួសារដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត នីក្នុងមូលដ្ឋានឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ មិនតែប៉ុណ្ណោះ លោក សេង សុខខឿន ប្រធានកិត្តិយសអនុសាខាស្រុក ក៏បានបន្តទៀតដែរថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ និងបន្តការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា ជាពិសេសថែមទាំងបានជូនពរឱ្យបងប្អូនទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ ជៀសចាកផុតពីរោគាព្យាធិទាំងឡាយទាំងអស់គ្នា។

អំណោយដែលបានផ្ដល់ជូនដល់គ្រួសារនីមួយៗរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ និងថវិកាមួយចំនួនផងដែរ៕