2023-08-24 12:08
220


ខេត្តប៉ៃលិន៖ បើតាមប្រភពពីនគរបាលមន្ត្រីជំនាញនៃក្រុងប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ទទួលការរាយការណ៍ពីភ្នាក់ងារសម្ងាត់ថា នៅចំណុចផ្លូវលំជិតស្ទឹងតារាប ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន០២នាក់ប្រុស កំពុងធ្វេីសកម្មភាពជួញដូរនៅទីនោះ ក្រោយមកកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើការចុះស៊េីបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស ឆែកឆេរលើដងខ្លួនរកឃេីញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូច និងបាននាំយកមក អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីធ្វើការសាកសួរ។
    នគរបាលជំនាញក្រុងបានបន្តថាជនសង្ស័យដែលបានឃាត់ខ្លួន០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ជឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។ 
២-ឈ្មោះ ញឹម ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
-វត្ថុតាងដែលបានដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់តូច ទម្ងន់០,៥៦ក្រាមសាច់ថ្នាំសុទ្ធ។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង។
ក-ម៉ាកsamsung ពណ៌ខៀវ ចំនួន០១គ្រឿង។ 
ខ-ម៉ាកredmi ពណ៌ស ចំនួន០១គ្រឿង។
៣-រថយន្តម៉ាក HYUNDAI ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខប៉ៃលិន1A-0109 ចំនួន០១គ្រឿង។ 
៤-ម៉ាសុីនភ្លើង ចំនួន០១គ្រឿង។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕