2023-08-24 04:08
240


កណ្តាល៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រាប និងឃាត់ខ្លួនរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
    នគរបាលបានឲ្យដឹងថា ក្រុមជនជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួន ធ្វើឡើងនៅវេលាម៉ោង ១០និង៥០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូ ក្នុងភូមិបឹងខ្នា  ឃុំទួលព្រេជ  ស្រុកអង្គស្នួល ខេត្តកណ្តាល។
    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលអោយដឹងថា ជនសង្ស័យ ចំនូន ០៨នាក់ រួមមាន៖ 
១- ឈ្មោះ គឿន គុណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 
២- ឈ្មោះ ភោគ អៀច ភេទស្រី  អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ 
៣- ឈ្មោះ យ៉ត សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវែង ឃុំទួលព្រេជ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ១ឆ្នាំ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 
៤- ឈ្មោះ ទែន លីចុងតុន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោល ឃុំទួលព្រេជ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ៤ខែពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 
៥- ឈ្មោះ ស៊ីម ណា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។ 
៦- ឈ្មោះ រឿន ចាន់ធី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល។ 
៧- ឈ្មោះ ឆាំ ស្រីណែត ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល។
៨- ឈ្មោះ រ៉ា សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី ស្នាក់នៅម្តុំព្រៃស រាជធានីភ្នំពេញ ធ្លាប់ពន្ធនាគារខេត្តស្ទឹងត្រែង រយៈពេល ១ឆ្នាំ៦ខែ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ចំពោះវត្ថុតាងដែលចាប់បាន រូមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន ០២កញ្ចប់ ស្មើនឹង ទម្ងន់ ៤,១៣ក្រាម, កាំបិត ចំនួន ០៤ដើម, ដាវ ចំនូន ០៥ដើម, ពូថៅ ចំនួន ០៣, ស្នចាក់ត្រី ១, អាវុធកែច្នៃបាញ់គ្រាប់កង់ ១ដើម និងឧបករណ៍ ប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ 
     លោកអធិការឱ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ បានកំពុងល្បាតក្នុងភូមិសាស្ត្រនានា បានប្រទះឃើញជនសង្ស័យឈ្មោះ គឿន គុណ ក៏សុំត្រួតពិនិត្យរកឃើញថ្នាំញៀនមួយកញ្ចប់តូចរួចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនខ្លួនបានទិញពីមុខសញ្ញាឈ្មោះ ឈីម ណុប ហៅ ណេន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិគោល ឃុំទួលព្រេជ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។ ក្រោយទទួលបានចម្លើយសារភាពរួច កម្លាំងសមត្ថកិច្ច បានបន្តនីតិវិធីឃាត់ខ្លួនមុខសញ្ញា ប្រុស ស្រី ចំនួន ០៧ នាក់បន្ថែមទៀត ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំតាមនិតិវិធីច្បាប់ ៕