2023-08-25 10:08
509


ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើដំបូង អាណត្តិទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ នៅវិមានសន្តិភាព រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”។
     គណៈរដ្ឋមន្ត្រីថ្មី បានការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តប្រកបដោយ ជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ចដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។
    ការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាការបន្តពីយុទ្ធសាស្ត្រចតុកោណ ដោយផ្អែកលើបទពិសោធ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ ដោយត្រូវរៀបចំជាយុទ្ធសាស្ត្រអនុវត្តសម្រាប់ ៥ដំណាក់កាលបន្តបន្ទាប់។
    យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្តស្របតាមអភិក្រម “ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ” និងបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ គោលដៅចម្បងនៃយុទ្ធសាស្ត្រនេះ រួមមាន៖ រក្សាចលនាការណ៍ នៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម, ព្រមទាំងកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ការកសាងភាពធន់នៃវិស័យទាំង៥ រួមមានវិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្សនិងសង្គម, និងវិស័យបរិស្ថាននិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
     យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានគោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ 
១- ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹង វិបត្តិនានា
២- បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជន កម្ពុជា ជាពិសេសសម្រាប់យុវជន
៣- សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត ទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
៤- បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ច វិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម

៥- ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ។

រចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រនេះ រួមមាន៖ ១- ស្នូលនៃយុទ្ធសាស្ត្រ គឺ ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច, ២- បរិស្ថានគ្របដណ្តប់សម្រាប់ធានាបរិយាកាសអំណោយផលដល់ការអនុវត្ត យុទ្ធសាស្ត្រទាំងមូល, និង៣- បញ្ចកោណយុទ្ធសាស្ត្រ ចំនួន ៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិង វឌ្ឍនភាពសង្គម រួមមានដូចខាងក្រោម៖

- បញ្ចកោណទី១: ការអភិវឌ្ឍមូលធនមនុស្ស,  

- បញ្ចកោណទី២: ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង

- បញ្ចកោណទី៣: ការអភិវឌ្ឍវិស័យឯកជន និងការងារ

- បញ្ចកោណទី៤: ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន

- បញ្ចកោណទី៥: ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

    យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ផ្តល់អាទិភាពខ្ពស់ និងបន្ទាន់លើការជំរុញការ អនុវត្តនូវគោលនយោបាយធំៗជាអាទិភា ពចំនួន ៥ គោលនយោបាយអភិវឌ្ឍតាមវិស័យ ចំនួន ១៨ និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០២៣។

    តាមរយៈការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា “ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គនីតិប្បញ្ញត្តិ អង្គតុលាការ ព្រមទាំងដៃគូអភិវឌ្ឍទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងជនរួមជាតិទាំងអស់នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវបណ្តុំវិធានការគោលនយោបាយ និងកម្មវិធីផ្សេងៗក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ នេះឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់”៕