2023-08-25 06:08
308

 

ភ្នំពេញ ៖ ស.ស.យ.ក. សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម ទីផ្សារការងារ  និងបរិយាកាសវិនិយោគ តាមរយៈការចូលរួមសកម្មភាពនានា ដែលលើកទឹកចិត្តដល់កុមារ និងយុវជន ដោយចូលរួមគាំទ្រ “ យុទ្ធនាការប្រឡងប្រណាំងសាលាស្អាត” “យុទ្ធនាការជំរុញការអាន” នៅកម្ពុជាជាដើម រួមទាំងការផ្តល់ឱកាសឱ្យយុវជនសិក្សាជំនាញបន្ថែមដូចជា ភាសា កុំព្យូទ័រផងដែរ។
     មិនតែប៉ុណ្ណោះ  ស.ស.យ.ក. តែងតែចូលរួមគាំទ្រការលើកកម្ពស់គុណភាពវិស័យអប់រំ និងវិស័យបច្ចកទេស និងវិជ្ជាជីវៈឱ្យស្របតាមស្ដង់តំបន់ រួមទាំងជំរុញយុវជនឲ្យចាប់មុខជំនាញ STEM តាមរយៈការបង្កើតឱ្យមាននូវសិក្ខាសិលា និងវគ្គបណ្តុះបណ្តាល ការរៀបចំវគ្គតម្រង់ទិស ការផ្តល់វគ្គបំប៉ន់សម្រាប់សិស្សថ្នាក់ទី ១២  និងការជួយសម្របសម្រួលជាមួយស្ថាប័ននានាដើម្បីផ្តល់ឱកាសកម្មសិក្សាដល់យុវជន សិស្ស-និស្សិត រួមទាំងផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ និងព័ត៌មានកម្មសិក្សា ការងារដល់យុវជន នឹងផ្ដល់អាហារូបករណ៍តាមរយៈកម្មវិធីផ្សេងៗដល់សិស្សានុសិស្ស។ 
      ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងផ្តល់ជាវេទិកាចែករំលែកបទពិសោធ ទស្សនៈផ្ទាល់ខ្លួនដល់យុវជន សមាជិក សមាជិកា ដើម្បីជាពុទ្ធិបន្ថែមក្នុងការអភិវឌ្ឍសមត្ថភាពរបស់ប្អូនយុវជន ៕