2023-08-25 06:08
153

 

ភ្នំពេញ ៖  នគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញបុរស២នាក់គួរឱ្យសង្ស័យ ភ្លាមនោះជនសង្ស័យទាំង២នាក់គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ក៏នាំគ្នាជិះម៉ូតូរត់គេចតែម្ដង។
     បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមពីក្រោយរហូតឃាត់ខ្លួនបាន រួចឆែកឆេរ ស្រាប់តែប្រទះឃើញសម្ភារៈកាច់សោ.កម៉ូតូ ទើបសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣នៅទល់មុខហាងនំបុ័ងស្ថិតក្នុងភូមិព្រៃព្រីង ខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
      ជនសង្ស័យខាងលើ ទី១- ឈ្មោះ ចាន់សុខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ និងទី២- ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងរួមមាន ៖ សម្ភារៈកាច់សោ.កម៉ូតូ ដូចជាសោសៀលេខ៨ចំនួន១ដើម, ទល់ឌឺវីសកែច្នៃចំនួន១ដើម និងម៉ូតូជនសង្ស័យម៉ាកស៊ុយសូគីនិច ពណ៌ស ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1CJ-0186 ។
     បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចេញល្បាតនៅក្នុងមូលដ្ឋានបន្ទាប់មកកម្លាំងល្បាតមកដល់ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខវត្តវិហារឃួន ក៏ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស មួយគ្រឿងដោយមានការសង្ស័យ។
     សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ឱ្យដឹងបន្តថា ខណៈពេលនោះ ជនសង្ស័យទាំង២នាក់ឃើញកម្លាំងសមត្ថកិច្ចកំពុងល្បាតភ្លាម ស្រាប់តែនាំគ្នាជិះម៉ូតូរត់គេចចេញពីកម្លាំងសមត្ថកិច្ចគួរឲ្យសង្ស័យ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏ធ្វើការដេញតាមតាំងពីផ្លូវសហព័ន្ធរុស្ស៊ី ទៅដល់ផ្លូវជាតិលេខ៣ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះបាន រួចធ្វើការឆែកឆេរ ក៏ប្រទះឃើញសម្ភារៈកាច់សោ.កម៉ូតូ ទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំង២នាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ។
   ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ រួមមានវត្ថុតាង និងម៉ូតូ បញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕