2023-08-25 06:08
209


ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើស្ពាន៧មករា តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ   រាជធានីភ្នំពេញ បុរសម្នាក់បានបេីករថយន្តបែនដឹកដីមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នធ្វើឱ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពាន៧មករា បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងសង្កត់ទៅប៉ះបុរសម្នាក់កំពុងជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងរងការខូចខាត និងអ្នកបើកម៉ូតូរបួសធ្ងន់ រីឯតៃកុងរថយន្តបង្ករបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។
    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានបង្ហេីបប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្តាំKDL-1600 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពាន៧មករាពេញទំហឹង បណ្តាលឱ្យបង្កាន់ដៃស្ពានបែកប្រេះរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបង្កបានក្រឡាប់ទៅប៉ះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CS-4329ដែលជិះដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាឱ្យរងរបួសធ្ងន់ ។ ភ្លាមៗនោះបុរសម្នាក់ដែលជាតៃកុងរថយន្តបានលូនចេញពីក្នុងរថយន្តបង្កមកខាងក្រៅដោយមានរបួសស្រាល និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំផងដែរ ។ 
   ក្រោយកេីតហេតុភ្លាមៗ បុរសម្នាក់ដែលជាម្ចាស់ម៉ូតូបានរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងពង្រ សហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅផ្នែកការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយតាមនីតិវិធី ៕