2023-08-26 02:08
141

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនគរបាលខណ្ឌដង្កោ ធ្វើការបង្រ្កាបជាក់ស្តែងបទល្មើសអំពើ លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ប្រើដែកជ្រុងចុងសំប៉ែតស្រួច កាច់បំបែកសោកម៉ូតូ) ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េស នី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មៃរ មុខរបររត់ម៉ូតូកង់បី ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ រុន សុវណ្ណឌី ហៅ ឌី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២-ឈ្មោះ សូរ វី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀនទាំងពីរនាក់) ។  ឃាត់ខ្លួននៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។   

ក្នុងនោះក៏ចាប់យកវត្ថុតាងរួមមាន ៖  ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GW-7146 មានលេខតួ និងលេខម៉ាស៊ីន5184487 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-0654 មានលេខតួ5107291និងលេខម៉ាស៊ីន3107291 ចំនួន០១គ្រឿង (របស់ជនសង្ស័យ) នាមប័ណ្ណសារព័ត៌មានសម្លេងប្រជាជនរបស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០៣សន្លឹក ប័ណ្ណព័ត៌មានរបស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០២ ប័ណ្ណចាក់វ៉ាក់សាំងឈ្មោះ រុន សុវណ្ណឌី ចំនួន០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លងចំនួន០១សន្លឹក ដងសោរខ្សៀលេខ០៨ចំនួន០១  កាបូបលុយពណ៌សូកូឡាចំនួន០១ ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕