2023-08-27 10:08
204


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ និងច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសារខ្មែរ (RFA Khmer) ដែលមានចំណងជើង ថា «អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ»។
     ជាការឆ្លើយតបនូវការផ្សាយព័ត៌មាន បែបញុះញុង នាំឲ្យមានការរើសអើងរបស់វិទ្យុបរទេសជាខេមរៈភាសារមួយនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបកស្រាយថា «ករណីផ្សាយថា សម្ដេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកកាន់តំណែងជំនួសសម្តេច គឺជាការផ្សាយដែលមិន យល់ពីរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍របស់គណបក្សនយោបាយនានា ជុំវិញការរៀបចំនិងតែងតាំង សមាសភាពរាជរដ្ឋាភិបាល»។ 
    អ្នកនាំក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា «តំណែងដែលឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទទួលនាពេលនេះ ទី១- គឺជាការផ្គូផ្គងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ទី២- ជាការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ដែលកើតចេញពីការ បោះឆ្នោតរបស់ប្រជាពលរដ្ឋ និងទី៣-គឺជាការគោរពតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង»។
     ចំពោះការដែលនិយាយថា សម្តេចក្រឡាហោម ស ខេង តែងតាំង លោក ស រដ្ឋា កូនប្រុសពៅ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺកាន់តែខុសធ្ងន់ទៅទៀត ព្រោះ ទី១-សម្តេច ក្រឡាហោម ស ខេង ពុំមានសិទ្ធិអំណាចក្នុងការតែងតាំងមន្ត្រីរាជការ និងអ្នកមុខអ្នកការក្នុងក្រសួងមហាផ្ទៃ តទៅទៀតឡើយ ដោយសាររាជរដ្ឋាភិបាលចាស់ត្រូវបានរំសាយ ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង, ទី២- លោក ស រដ្ឋា ចូលបម្រើការងារជានគរបាលជាតិ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ រយៈពេល ១៨ឆ្នាំ បន្ទាប់ពីរៀនចប់បរិញ្ញាបត្រ។ លោកបានឆ្លងកាត់ការរៀនជំនាញនគរបាលនៅប្រទេសអូស្ត្រាលី ០១ឆ្នាំ រួចបន្តរៀនជំនាញប្រឆាំងភេរវកម្ម ០១ឆ្នាំនៅសហព័ន្ធអាល្លឺម៉ង់ និងបានឆ្លងកាត់ការបណ្តុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។ 
    អ្នកនាំក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ផ្អែកតាមចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារ លោក ស រដ្ឋា ត្រូវបាន ទទួលការតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានបំពេញការងារបានយ៉ាងល្អ ប្រសើរប្រកបដោយប្រសិទ្ធផល ជាអាទិ៍ ករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកក្នុងខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះជាដើម។ ដូច្នេះ តំណែងអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននតបាលដំរីរបស់លោក ស រដ្ឋា នាពេលនេះ គ្រាន់តែផ្ទេរពីអង្គភាពមួយទៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃដីដែបុណ្ណោះ»។
      អ្នកនាំក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា «ជារួមការនិយាយថា សម្ដេចក្រឡាហោម តែងតាំងកូនចៅសាច់ញាតិស្តេកស្កះ និងក្រសួងមហាផ្ទៃ បែបគ្រួសារនិយម គឺជាការផ្សាយដែលពុំបានស្វែងយល់ពីគោលការណ៍តែងតាំងមន្ត្រីរដ្ឋ ផ្ទុយពីភាព ប្រាកដនិយម និងមានចេតនាមួលបង្កាច់ ធ្វើឱ្យមតិសាធារណជនយល់ច្រឡំមកលើភាពកសុំរបស់ សម្ដេចក្រឡាហោម ស ខេង។ ផ្ទុយមកវិញ មានមហាជនជាសាក្សី សម្ដេចក្រឡាហោម ស ខេង ពុំមែនជា បុគ្គលសួនតួនិយម គិតតែអំពីគ្រួសារនិយម ផលប្រយោជន៍ឯកជន ដូចការផ្សព្វផ្សាយនោះឡើយ។ ពោល គឺសម្ដេចក្រឡាហោម ស ខេង ពុំមែនជាបុគ្គលដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺលោកតែង តែតម្កល់សុខទុក្ខប្រជាពលរដ្ឋ ផលប្រយោជន៍មហាជន ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ប្រទេសជាតិជាធំ»។
     តាមការពិត មហាជនបានដឹងអស់ទៅហើយថា «ការផ្សាយរបស់វិទ្យុមួយនេះ មានចរិតបែបណា និង ក្នុងគោលបំណងអ្វីនោះ។ និយាយឱ្យចំវិទ្យុនេះលែងជាវិទ្យុវិជ្ជាជីវៈក្នុងរបបសារព័ត៌មានទៀតហើយ គឺក្លាយជា វិទ្យុបម្រើឱ្យមនោគមន៍វិជ្ជាបរទេស និងពួកឧទ្ទាមដែលនិរទេសខ្លួនតែប៉ុណ្ណោះ»។ 
     ជាក់ស្ដែង វិទ្យុនេះធ្លាប់បាន ផ្សាយបទសម្ភាសជាមួយអ្នកវិភាគមានរោគសរសៃប្រសាទម្នាក់ ដែលនិរទេសខ្លួនទៅក្រៅស្រុក បាន និយាយថាមានការដោះដូរដីក្រសួងមហាផ្ទៃ។ តែជាការផ្សាយខុសស្រឡះ។ ពោលគឺ មិនត្រឹមតែពុំមែនការ ដោះដូរដូចការផ្សាយ បែរជាមានការសាងសង់អគារទីស្ដីការក្រសួងកម្ពស់៩ជាន់យ៉ាងស្កឹមស្កៃអមដោយ រចនាប័ទ្មខ្មែរយ៉ាងល្អប្រណិត ជាទីមោទករបស់មហាជនគ្រប់និន្នាការទៅវិញ។
    ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីនេះ ជា ការផ្សាយគ្មានវិជ្ជាជីវៈ និងមានចរិតនយោបាយ ក្នុងគោលបំណងទុច្ចរិតធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ដែលស្ទើរពេញមួយជីវិត លោកបាន និងកំពុងខិតខំបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមចំណែកយ៉ាងធំធេង ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យមាតុភូមិកម្ពុជារបស់យើង មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងមានការរីកចម្រើនគ្រប់វិស័យ៕