2023-08-27 02:08
170


ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិត គ្មានមូលដ្ឋាន របស់វិទ្យុអាស៊ីសេរី ខេមៈភាសារ ក្រោមចំណងជើង ថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»។
ជាការឆ្លើយតបទៅនឹងការផ្សាយព័ត៌មាន តាមគេហទំព័ររបស់វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ (RFA Khmer) នោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្តាយជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិ និងអន្តរជាតិ។
    សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងវិទ្យុបរទេសជាភាសារខ្មែរខាងលើ បានចេញផ្សាយនូវអត្ថបទមួយ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»។
    រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដូចខាងក្រោម៖
១- ព្រែកមួយខ្សែដែលវិទ្យុអាស៊ីសេរី បានលើកឡើងក្នុងគេហទំព័ររបស់ខ្លួននោះ មានឈ្មោះថា «ព្រែកកំពង់ស្វាយ» គឺជាព្រែកដែលមានបង្ហាញនៅលើផែនទីបោនខ្នាត ១/១០០ ០០០    របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 
     ផ្អែកតាមផែនទីបោននេះ ខ្សែព្រំដែនដើរតាមច្រាំងព្រែកខាងកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំចរចាយ៉ាងស្វិតស្វាញជាមួយភាគីវៀតណាម រហូតសម្រេចបានខ្សែព្រំដែនដើរតាមពាក់កណ្ដាលព្រែកវិញ (បន្ទាត់ទ្រូងនៃផ្លូវទឹក) ស្របតាម គោលការណ៍ច្បាប់ និងការអនុវត្តអន្តរជាតិ ដូចមានចែងក្នុងប្រការ១ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រែក មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ទឹក ការធ្វើនាវាចរណ៍ និងការនេសាទជាដើម ។ល។
២- បង្គោលព្រំដែនបំពេញបន្ថែមលេខ 229/11 (1) ដែលវិទ្យុអាស៊ីសេរីបានលើកឡើងនោះ ជាបង្គោលមួយក្នុងចំណោមបង្គោលទាំងបីដែលត្រូវបោះ នៅចំណុចផ្លូវទឹកបែកជាបី (បង្គោលត្រី) ក្នុងនោះបង្គោលលេខ 229/11(1) បានបោះនៅច្រាំងព្រែកខាងកម្ពុជា ចំណែកឯបង្គោល លេខ 229/11(2) និង 229/11(3) បានបោះនៅច្រាំងព្រែកខាងវៀតណាម ដូចមានបង្ហាញ លើផែនទីភ្ជាប់ជូនមកជាមួយ។ 
រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន សូមបញ្ជាក់ជូនបន្ថែមថា «ទោះបីជាបង្គោលទាំងបីត្រូវបានបោះនៅលើច្រាំងព្រែកនៃភាគីទាំងពីរក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែនដើរតាមពាក់កណ្តាលព្រែកកំពង់ស្នាយដដែល»។
៣- ដូចគ្នានេះដែរ ចំពោះបង្គោលព្រំដែនបំពេញបន្ថែមលេខ229/10(1) គឺជាបង្គោលមួយក្នុងចំណោមបង្គោលពីរ (បង្គោលភ្លោះ) ដែលត្រូវបោះនៅសងខាងច្រាំងព្រែកកំពង់ស្វាយ ក្នុងនោះបង្គោលលេខ 229/10(1) បានបោះនៅច្រាំងព្រែកខាងកម្ពុជា ចំណែកឯបង្គោលលេខ 229/10(2) បានបោះនៅច្រាំងព្រែកខាងវៀតណាម ដូចមានបង្ហាញលើផែនទីភ្ជាប់ជូនមកជាមួយ។ 
    រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន សូមបញ្ជាក់ជូនបន្ថែមថា «ទោះបីជាបង្គោលទាំងពីរត្រូវបានបោះនៅលើច្រាំងទាំង សងខាងព្រែកក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែនដើរតាមពាក់កណ្ដាលព្រែកកំពង់ស្ពាយដដែល»។
     ជាថ្មីម្តងទៀត ផ្អែកតាមមូលដ្ឋានផ្លូវច្បាប់ និងមូលដ្ឋានបច្ចេកទេសដូចបានបញ្ជាក់ជូនខាងលើ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានមិនពិត ក្លែងក្លាយដែលបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី និងអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិនិងជនរួម ជាតិទាំងអស់កុំជឿនិងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ ព្រមទាំងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងចែកចាយសេចក្តីបំភ្លឺនេះ ឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕