2023-08-28 01:08
169

កំពង់ឆ្នាំង៖ កម្មករ-កម្មការិនីជាច្រើននាក់ បានរងរងបួសធ្ងន់ និងស្រាល ក្នុងករណីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករបុកជាមួយរថយន្តក្រឡុងស៊ីម៉ង់ត៍។ 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦និង២០នាទីព្រឹក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ (៥៨-៥៩) នៅមុខវិទ្យាស្ថាន បូលីណូ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដឹកកម្មករ កម្មការិនី ០១គ្រឿង ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1535 ធ្វើដំណើរពីទិសខាងលិចឆ្ពោះមកកើតបានបុកជាមួយនឹងរថយន្តក្រឡុកស៊ីម៉ងត៍ ០១គ្រឿងទៀត បណ្តាលឱ្យកម្មករជាច្រើននាក់បានរងរបួស ក្នុងនោះ មានស្ត្រីមានផ្ទៃពោះ ចំនួន ០២នាក់ផងដែរ។ សេចក្តីរាយការណ៍ បានឱ្យដឹងថា រថយន្តកូរ៉េមានដឹកម្មករ កម្មការិនី សរុបចំនួន ៦៨នាក់ ភាគច្រើនជនរងគ្រោះរស់នៅភូមិដូនទយ ភូមិក្រឡាញ់ ឃុំតាសូ និងភូមិក្បាលថ្នល់ ឃុំសែប បណ្តាលឲ្យរងរបួស សរុបចំនួន ០៩នាក់ ស្ត្រីមានផ្ទៃពោះ ចំនួន ០៣នាក់។

ភ្លាមៗបន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះនៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ០២នាក់ ស្រីមានផ្ទៃពោះរបួសធ្ងន់ និងមន្ទីរពេទ្យឯកជន តែវណ្ណា ចំនួន ០៧នាក់ របួសស្រាល ក្នុងនោះស្រ្តីមានផ្ទៃពោះ ០១នាក់ផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចបានយកវត្ថុតាងរថយន្តទាំង ០២គ្រឿងយកទៅរក្សាទុក ដើម្បីរៀបចំកសាងសំណុំរឿងរងចាំដោះស្រាយគ្នាតាមច្បាប់៕