2023-08-28 01:08
170

កំពង់ស្ពឺ៖ ដីស្ថិតក្នុងតំបន់ឧទ្យានជាតិ “ព្រះសុរាម្រិត កុសមៈគិរីរម្យ” ដែលបច្ចុប្បន្ននេះ កំពុងបែងចែកការគ្រប់គ្រង ចំនួន ០២ខេត្ត គឺមួយផ្នែកគ្រប់គ្រងដោយរដ្ឋបានខេត្តព្រះសីហនុ និងមួយផ្នែកធំគ្រប់គ្រងដោយរដ្ឋបាលខេត្តកំពង់ស្ពឺនោះ ពេលនេះថ្នាក់ដឹកនាំខេត្តទាំង ០២ បានប្រជុំពិភាក្សាគ្នា ដើម្បីស្នើសុំកែសម្រួលព្រំប្រទល់ខេត្ត ដោយយកតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈគិរីរម្យ ឱ្យមករដ្ឋបាលខេត្តកំពង់ស្ពឺ ជាអ្នកគ្រប់គ្រង់ ព្រោះតំបន់នេះអាជ្ញាធរខេត្តកំពង់ស្ពឺ បានគ្រប់គ្រង់តាំងពីសម័យសង្គ្រាមមកម្លេះ។

កិច្ចប្រជុំពិភាក្សាសម្រួលព្រំប្រទល់រវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុនេះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដឹកនាំរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិភូ និងមន្ត្រីពាក់ព័ន្ធរបស់ខេត្តទាំង ០២ផងដែរ។

ចំពោះគោលបំណងនៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រជុំពិក្សាសុំកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តទាំង ០២ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ “ព្រះសុរាម្រិត កុសុម:គីរីរម្យ”  មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយសំអាងមូលដ្ឋានដូចខាងក្រោម៖ 
១- តំបន់ឧទ្យានជាតិ “ព្រះសុរាម្រឹត កុសុមៈគិរីរម្យ” ជាតំបន់មួយនៃការគ្រប់គ្រងចាស់របស់រដ្ឋបាលស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ ក្នុងពេលដែលប្រទេសជាតិ ស្ថិតក្នុងសង្គ្រាមផ្ទៃក្នុងរវាងភាគីខ្មែរក្រហម។

២- តំបន់ឧទ្យានជាតិ “ព្រះសុរាម្រឹត កុសុម:គីរីរម្យ” ជាតំបន់ប្រតិបត្តិការសឹកកំពង់ស្ពឺ ចំណុះភូមិភាគ៣ ហើយប្រជាពលរដ្ឋភាគច្រើនមកពីឃុំចំបក់ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
៣-  លើសពីនេះការិយាល័យបោះឆ្នោតជាតិថ្មីៗ នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកភ្នំស្រួច សូមបញ្ជាក់ថា កាលពីដើមទ្បើយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង ដូចនេះរដ្ឋបាលខេត្តកំពង់ស្ពឺ សុំធ្វើការកែសម្រួលព្រំប្រទល់ ដើម្បីគ្រប់គ្រង និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ 

សូមបញ្ជាក់ផងដែរថា ស្មារតីអង្គប្រជុំបានឯកភាពលើការស្នើរសុំ ដើម្បីដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ កំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនាថ្ងៃខាងមុខ៕