2023-08-28 02:08
158

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម និងទើបតែចេញពីពន្ធនាគាររយៈពេល០៤ខែ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនមកវិញកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចវត្តទួលសំបូរ ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ពីបទលួចម៉ូតូ ។ 

   គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ១០កើតខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះឈ្មោះ លាង ណាវិន ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ មានករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1D-2363 របស់ឈ្មោះ លាង ណាវិន ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដោយជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ខេត្តតាកែវ ។ 

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី ដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបុរីធ្វើការស្រាវជ្រាវ ស្វែងរករហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចខាងលិចវត្តទួលសំបូរ ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡាច សុខលឿន (ហៅប៉ុក) ភេទប្រុស អាយុ ២១ឆ្នាំ (មុខសញ្ញាលួចយ៉ាងសកម្ម និងទើបតែចេញពីពន្ធនាគាររយៈពេល ០៤ខែ) មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ជនសង្ស័យនិងវត្ថុតាងម៉ូតូត្រូវបាននាំ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបុរី។

បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕