2023-08-28 02:08
188

ភ្នំពេញ ៖ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបណ្តោយផ្លូវកា៥ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួន យុវជន០២នាក់ រួមនិងដាវកែច្នៃ ចំនួន ៣ដើម ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា យុវជនទាំង២នាក់នេះទី១-ឈ្មោះ សុង បញ្ញា អាយុ១៨ឆ្នាំមុរបរ មិនពិតប្រាកដ ស្នាក់នៅសងា្កត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។ ទី២-ឈ្មោះ ទ្រី ប៊ុនហាប់ អាយុ ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន ៖ ដាវកែច្នៃ ចំនួន០៣ដើម និងម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភំ្នពេញ1JR-8993 ។

លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ យុវជនទាំង២នាក់ និងបក្ខពួកបាននាំគា្នជិះម៉ូតូជិត២០គ្រឿង ចេញពីកោះពេជ្រ សំដៅមកវត្តឧត្តរាវតី នៅឫស្សីកែវ មកយកដាវដែលលាក់ទុកនៅគុម្ពស្មៅតាមរបងវត្ត ដោយយកបានដាវហើយ ក្រុមខ្លួនក៏នាំគា្នជិះម៉ូតូសំដៅមកទំនប់ទួលគោក ផ្លូវកា៥ ក្រុម៧ ភូមិចុងខ្សាច់ ក៏ជួបកំលាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវល្បាតឃើញក៏ឃាត់ត្រួតពិនិត្យឆែកឆេររកឃើញដាវកែច្នៃចំនួន០៣ដើម លាក់នៅនឹងខ្លួនតែម្តង ចំណែកបក្ខពួកផ្សេងទៀតនាំគា្នជិះម៉ូតូរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងស្រាវជ្រាវរកបក្ខពួកមកចាត់ការបន្តតាមនីតិវិធី ៕