2023-08-29 08:08
183

ព្រះសីហនុ៖ មុខសញ្ញាជនសង្ស័យ ចំនួន ០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ ស្ទាក់ចាប់បានដោយរកឃើញប្រើប្រាស់រថយន្តអត់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត និងពាក់ព័ន្ធការជួញដូរគ្រឿងញៀនផងដែរ។ 

ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ក្រាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាក Camary ឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2U-1102 ឡានអត់ពន្ធត្រង់នៅចំណុច រង្វង់មូលវាលរេញ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ (១៨០-១៨១) ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

របាយការណ៍របស់ប៉ូលិស បានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ រួមមាន ៖ 
១- ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ 
២- ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ 
៣- ឈ្មោះ ជីវ រក្សា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

៤- ឈ្មោះ សំ ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ 
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៣កញ្ចប់, ទូរស័ព្ទដៃ ចំនួន ០៥គ្រឿង ឧបករណ៍ប្រើប្រាស់មួយចំនួន, កាំភ្លើងខ្លី ០១ដើម និងគ្រាប់ចំនួន ៣០គ្រាប់ សុីឡង់ស័រតកាណុងកាំភ្លើង ០១ និងថយន្ត ០១គ្រឿង។         
                                       
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕