2023-08-29 12:08
202

ខេត្តកណ្ដាល៖ ស្រ្តីម្នាក់មានជម្ងឺសសៃប្រសាទ ហើយបានជិះម៉ូតូ១គ្រឿងចេញពីផ្ទះបាត់២ថ្ងៃ១យប់មិនឃើញត្រឡប់ទៅផ្ទះវិញ ក្រុមគ្រួសារបានតាមស្វែងរកគ្រប់ច្រកល្ហក ហើយទីបំផុតស្រាប់តែប្រទះឃើញស្លាប់អណ្ដែតនៅក្នុងទឹករណ្ដៅដីមួយកន្លែងបាត់ទៅហើយ សង្ស័យនាងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនឯងបន្ទាប់ពីដឹងថាខ្លួនមានជម្ងឺសសៃប្រសាទ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចរណ្ដៅដីស្ថិតក្នុងភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ស្រ្តីខាងលើឈ្មោះរស់ សុខេ អាយុ៣០ឆ្នាំអតីតជាកម្មការិនីរោងចក្រ  មានទីលំនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល មានជម្ងឺសសៃប្រសាទរយៈ៤ទៅ៥ខែកន្លងមកហើយ ។បន្ទាប់ពីគ្រូពេទ្យពិនិត្យឃើញថាមានជម្ងឺសសៃប្រសាទ ក្រុមគ្រួសារបានឲ្យឈប់ធ្វើការ ចំណែករូបនាងហាក់មានការបាក់ទឹកចិត្តយ៉ាងខ្លាំងនិងបានព្យាយាមលេបថ្នាំនិងចងកសម្លាប់ខ្លួន២លើករួចមកហើយតែមិនបានសម្រេច។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា លើកទី១បានលេបថ្នាំពុល និងលើកទី២បានចងកសម្លាប់ខ្លួន  ប៉ុន្តែត្រូវបានក្រុមគ្រួសារជួយទាន់ពេលវេលាទាំង២លើកទើបមិនស្លាប់ ។ដោយឡែកកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាងបានសុំក្រុមគ្រួសារចេញក្រៅដោយប្រាប់ថាទៅលេងនៅរោងចក្រឡាក់គី រួចក៏បានជិះម៉ូតូម៉ាកប៊ីត១គ្រឿងពាក់ស្លាកលេខកណ្ដាល1AO-4243 ចេញទៅហើយក៏បាត់រហូតតែម្ដង។

ប្រភពខាងលើបានប្រាប់ថា ក្រោយបាត់មិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញក្រុមគ្រួសារបានតាមរកគ្រប់ច្រកល្ហក រហូតដល់ព្រឹកឡើងបានប្រទះឃើញម៉ូតូចតចោលនៅចម្ងាយពីរណ្ដៅដីប្រមាណ១០០ម៉ែត្រក៏បានដើររកមើល ស្រាប់តែឃើញស្លាប់អណ្ដែតទឹកបាត់ទៅហើយ។ទើបមានការភ្ញាក់ផ្អើលនិងសង្ស័យថានាងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួននិងបានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ មុននិងយកសពធ្វើបុណ្យតាមប្រពៃណី៕