2023-08-29 04:08
244

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល អត្តចរិត និងខិតខំបំពេញភារកិច្ចការងារឲ្យបានល្អប្រសើរ ដើម្បីលើកមុខមាត់រាជរដ្ឋាភិបាល អាណត្តិថ្មី នៃរដ្ឋសភា និងមានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ច ជា ស្នងការ នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា “មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ការទទួលបាននូវភារកិច្ច តួនាទីរបស់ខ្លួនសុទ្ធសឹងតែជាការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំពីជំនានមុនរហូតដល់បច្ចុប្បន្ន ដូចនេះត្រូវបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ”។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀថា “ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់ មិនត្រូវធ្វើអ្វីដែលខុសច្បាប់ ដើម្បីផលប្រយោជន៍ខ្លួន នាំឱ្យប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ក្នុងអាណត្តិថ្មី និងធ្វើឲ្យមានការរិះគន់ពីមហាជនឡើយ”។ នាយឧត្តមសេនីយ៍ បានបន្ថែមថា “ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមាន កម្លាំងនៅប្រចាំការ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹង គ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍ ពីសមត្ថកិច្ច នៅពេលមានកើតហេតុណាមួយ ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ដើម្បីលើកទូរស័ព្ទឆ្លើយតប ការ សុំអន្តរាគមន៍ពីប្រជាពលរដ្ឋ”។

នាយកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា “កម្លាំងនគរបាលនៅគ្រប់រាជធានីខេត្ត ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតឡើងនៅតាមមូលដ្ឋាន ដូចជា បញ្ហាចោរកម្ម, ក្មេងទំនើង និងបញ្ហាគ្រឿងញៀនជាដើម ដើម្បីកុំឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ ហើយកុំឲ្យបទល្មើសទាំងអស់នោះក្លាយជាជំងឺរ៉ាំរ៉ៃ”។

អគ្គស្នងការនគរបាលជាតិ បានផ្តាំផ្ញើដល់លោកស្នងការនគរបាលរាជធានីភ្នំពេញ ដែលនឹងទទួលតំណែងថ្មីថា “ត្រូវតែយកចិត្តទុកដាក់ ខិតខំថែរក្សាសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ព្រោះជាគោលដៅស្នូលក្នុងការការពារ និងមានបណ្ដុំដោយថ្នាក់ដឹកនាំជាតិកំពូលៗ បណ្ដាអង្គទូត និងស្ថាប័នអង្គការអន្តរជាតិធំៗជាច្រើនផងដែរ”។

ឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាអនុវត្តតាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ដែលមានទាំងការរក្សាសាមគ្គីភាពផ្ទៃក្នុង ថែរក្សាសុខសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋតែម្តង៕