2023-08-29 04:08
192

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿន បានរេចង្កូតបើកឆ្លងកាត់ទទឹកផ្លូវ ជ្រុលទៅបុកចូលកន្លែងលក់បាយឆា រួចកិនម៉ូតូចំនួន៤គ្រឿង រងការខូចខាត រួចបន្តទៅបុកផ្ទប់បង្គោលស្លាកសញ្ញាពេទ្យធ្មេញ កល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២៧១ក្បែរផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BQ-1573 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបើកឆ្លងកាត់ទទឹងផ្លូវ ជ្រុលទៅបុករះចូលកន្លែងលក់បាយឆា ហើយកិនម៉ូតូចំនួន ៤គ្រឿង រងការខូចខាត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស ចំណែកអ្នកបើករថយន្តក្រោយកើតហេតុបានឡុកសោដេកក្នុងរថយន្តតែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យចុះមកទីតាំងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕