2023-08-30 04:08
141


ប៉ៃលិន៖     សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ដែលមានព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្តជាប្រធាន អញ្ជើញចូលរួម មាន លោកជំទាវ ស៊ុំ ហៀវ និងក្រុមការងារ ,កន្លែងដាំកូន ឈើនោះមានផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា(អូរអែម) ដែលមានចម្ងាយផ្លូវ ប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូ កំពុងដើរតួនាទី ចូលរួមចំណែកក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ តាមគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រលើវិស័យបរិស្ថានធម្មជាតិ។
​​   ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្ត និងជាប្រធាន សង្ឃមណ្ឌលបរិស្ថាន បានមានព្រះសង្ឃដីកាឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា៖ បច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការ ដាំដើមឈើប្រណិត ១លានដើម ដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរជាដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។
   ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ក៍បានមានសង្ឃដីការបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់បរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព ជាកម្លាំងក្តី ជាកូនឈើក្តី ឬបច្ច័យ ដើម្បីធ្វើឲ្យសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន មានដើមឈើប្រណិតចំនួន ១លានដើម ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។

   ចំណែកបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការ ដាំដើមឈើប្រណិតចំនួន ១លានដើម ជាមួយព្រះសង្ឃ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួម ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ ហើយបានបន្តអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនឡើង ដើម្បីឱ្យគម្រោង ដែលដឹកនាំដោយ ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្ត ទទួលបានជោគជ័យ តាមផែនការគ្រោងទុក៕