2023-08-30 04:08
151


    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនក្មេងទំនើងម្នាក់ ចំណែកបក្ខពួក ៥នាក់ទៀតរត់គេចបាត់ ក្រោយពួកគេបាននាំគ្នា ដេញកាប់ទៅលើ យុវជនមួយក្រុមទៀត ខូចខាតម៉ូតូ ជាច្រើនគ្រឿង កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១០០៣ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ចិត្រ ប្រុសម៉ិញ អាយុ១៧ឆ្នាំ មុខរបរ ជាងធ្វើម៉ូតូ មានទីលំនៅភូមិសំរោងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះចំនួន៣នាក់រួមមាន៖ ទី១ ឈ្មោះ ទី វ៉ាន់ដា អាយុ១៨ឆ្នាំ ជាងសំណង់ មិនមានរបួសទេ តែត្រូវក្រុមជនសង្ស័យ កាប់ម៉ូតូបែកកុងទ័រ បែកក្បាំង និងកាប់ដាច់ស្លាក់លេខម៉ូតូ។ ទី២. ឈ្មោះ មឿន សុវណ្ណារិទ្ទ អាយុ១៧ឆ្នាំ មិនមានរបួសទេ ប៉ុន្តែ ម៉ូតូត្រូវជនសង្ស័យ កាប់ខូចខាត ជាច្រើនកន្លែង និងទី៣ឈ្មោះ ជៀន ម៉េងលី អាយុ២២ឆ្នាំ ពួកគេ មានទីលំនៅភូមិព្រះប្រសប់ ឃុំខ្សាច់កណ្តាល ស្រុកខ្សាចកណ្តាល មិនមានរបួសកាប់ចំម៉ូតូកង់ទ័រកំបាំងម៉ូតូនិងផ្លាក់ករម៉ូតូ។ សំភារៈដែលសមត្ថកិច្ច ដកហូត បាន ៖ ទូរសព្ទមួយគ្រឿង , ដាវកែឆ្នៃចំនួន០២ដើមជារបស់ជនសង្ស័យ។
  លោកអធិការបន្តថា ៖ មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាជិះម៉ូតូចំនួន០៣ម៉ូតូមានគ្នា០៦នាក់ចេញពីសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វា មករកហូបអី នៅមុខក្រសួងដែនដី លុះមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូចំនួន៤គ្រឿង មានគ្នាចំនួន៦ទៅ៧នាក់ ជិះដេញតាមពីក្រោយដោយមានកាន់ដាវពេលនោះជនរងគ្រោះបានដួលម៉ូតូ ហើយនាំគ្នារត់ចោលម៉ូតូជនសង្ស័យមកដល់នាំគ្នាកាប់ម៉ូតូជនរងគ្រោះទាំង០៣ម៉ូតូហើយបានឃើញកំលាំងល្បាតក៏នាំគ្នារត់ឡើងម៉ូតូបើករត់ពេលកំលាំងទៅដល់ជនសង្ស័យម្នាក់រត់ឡើងម៉ូតូមិនទាន់ត្រូវកំលាំងយើងឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរជនសង្ស័យឈ្មោះចិត្រ ប្រុសម៉ិញ បានសារភាពថាពួកខ្លួនពិតជាបានជិះម៉ូតូដេញកាប់និងកាប់ម៉ូតូជនរងគ្រោះពិតប្រាកដមែន ។
   បច្ចុប្បន្ននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីចាត់ការតាមនីតិវិធី៕