2023-08-31 11:08
151

តាកែវ៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តតាកែវ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាចំពោះក្រុមក្មេងទំនើង ចំនួន ១៧នាក់ ធ្វើសកម្មភាពជិះម៉ូតូបង្ហោះ និងវ៉ាជ្រេប្រជែងគ្នាបង្កភាពអាណាធិបតេយ្យពេញផ្លូវជាតិ លេខ២២ និងលេខ២ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗនោះ ឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

ការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងទំនើងបង្កភាពរញ៉េរញ៉ៃ អសន្តិសុខដល់សង្គមនេះ ធ្វើឡើងនៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯក ឆេងហួត ព្រះរាជអាជ្ញា លោកស្នងការរងទទួលផ្នែនព្រហ្មទណ្ឌ លោកអធិការ រួចប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ក្រោយសមត្ថកិច្ចចាប់ឃាត់នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។

នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ក្រុមក្មេងៗជិះម៉ូតូបង្ហោះ ជ្រែវ៉ាប្រជែងគ្នាយ៉ាងអាណាធិបយេយ្យ គ្មានសណ្ដាប់ធ្នាប់ នៅភូមិសាស្រ្តផ្លូវជាតិ លេខ២២ និងផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាន សហការជាប៉ុស្តិ៍តាមគោលដៅស្ទាក់បង្ក្រាប និងឃាត់ខ្លួនយកមកអធិការដ្ឋាន ដើម្បីសាកសួរតាមនិតិវិធក្រោមការសម្របសម្រួលនិតិវិធីរបស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបាន ចំនួន ១៧នាក់ និងម៉ូតូ ចំនួន ០៨គ្រឿង ពួកគេធ្វើដំណើរមកពីស្រុកស្អាង ខេត្តកណ្ដាល គោលបំណងឆ្ពោះទៅខេត្តកំពត ដើម្បីដើរលេង ប៉ុន្តែបែជានាំគ្នាបង្ហោះម៉ូតូ ជិះវ៉ាជែង និងជ្រែគ្នាពេញផ្លូវនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កភាពអសន្តិសុខ ជាពិសេសងាយបង្កគ្រោះថ្នាក់បំផុត។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្ត បានធ្វើការអប់រំ ណែនាំ និងអញ្ជើញអាណាព្យាបាលក្រុមក្មេងទំនើងទាំងនោះ មកធ្វើកិច្ចសន្យា ធានាយកទៅអប់រំបន្ត ដើម្បីឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដ៏ទៃ បាត់បងសណ្តាបធ្នាប់ក្នុងសង្គមទាំងមូលតែម្តង៕