2023-08-31 02:08
136

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងែទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ បានប្រកាសថា ករណីទឹកហូរនៅជាន់៥ ក្នុងអគារក្រសួងមហាផ្ទៃ ហើយត្រូវបានជនមួយក្តាប់តូចឈ្លាតឱកាសយកវ៉ៃប្រហារដោយគ្មានមូលដ្ឋាននោះ ការពិតមានបុគ្គលខិតខួចម្នាក់បានធ្វើសកម្មភាពបើកក្បាលទុយោទឹកសម្រាប់សង្គ្រោះបន្ទាន់ពេលមានករណីគ្រោះអគ្គិភ័យ ហើយចំពោះបុគ្គលនោះគណៈកម្មការសាងសង់អគារកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិថែមទៀតផង។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១សីហានេះ បានបញ្ជាក់ថា ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ សូមជូនសាធារណជនមេត្តាជ្រាបថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាលឱ្យមានហានិភ័យអ្វីនោះឡើយ។ 

ក្រសួងមហាផ្ទៃ បានបន្ថែមថា ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា «មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ?»។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនសាធារណជនថា សេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា «ករណីនេះ ពុំមែនបណ្ដាលមកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គលដែលមិនសប្បាយចិត្តនឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ផងដែរថា «ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញណ បុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការ តាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ»៕