2023-08-31 04:08
224

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បុរសម្នាក់បានជិះម៉ូតូចេញពីបន្ទប់ជួលទៅជួយលក់គោដុតបងប្អូននៅម្ដុំមុខវត្តពោធិញាណ ចៃដន្យជិះម៉ូតូទាក់ដៃចង្កូតម៉ូតូកង់បីបណ្ដាលឱ្យដួលត្រូវរថយន្តធុនធំសណ្ដោងរ៉ឺម៉កកិនស្លាប់ភ្លាមមួយរំពេច ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 សពជនរងគ្រោះមានឈ្មោះ ផា លីហៀ  ហៅ(ឌូក) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់គោដុត ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឯខេត្តព្រៃវែង។

 បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1G-8796 ចេញពីបន្ទប់ជួលម្ដុំចាក់អង្រែលើទៅជួយលក់គោដុតបងនៅម្ដុំវត្តពោធិញាណ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ត្រង់ចំណុចកើតហេតុក៏បើកឡើងវ៉ារថយន្តជ្រុលទៅទាក់ដៃចង្កូតម៉ូតូកង់បីដឹកទំនិញដួលម៉ូតូចូលក្រោមរថយន្តធុនធំសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ3A-1877ដែលធ្វើដំណើរស្របទិសគ្នាកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ចំណែករថយន្តព្យាយាមបើករត់គេចត្រូវអ្នកធ្វើដំណើរដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ច។

   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕