2023-09-01 01:09
168

ភ្នំពេញ៖ លោក យ៉ែម បុញ្ញាឫទ្ធិ បានប្រកាសបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ និងសុំលាលែងពីតួនាទីទាំងអស់ ព្រមទាំងសមាជិកភាព របស់គណបក្សខ្មែររួបរួមជាតិ។ នេះបើតាមលិខិតរបស់អតីតមន្ត្រីគណបក្សប្រឆាំងរូបនេះ ផ្ញើទៅតាមសារអេឡិចត្រូនិកជួនចំពោះលោក ញឹក ប៊ុនឆៃ  កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដែលបណ្តាញសារព័ត៌យើងទទួលបាននៅព្រឹកថ្ងៃទី០១កញ្ញានេះ។ 

ក្នុងលិខិតលាលែង លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរថា «ខ្ញុំបាទសូមបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាដោយរូបខ្ញុំបាទផ្ទាល់។ ទន្ទឹមនឹងនេះ ខ្ញុំបាទក៏សុំលាលែងពីតួនាទីទាំងអស់ និងពីសមាជិកភាពរបស់គណបក្សខ្មែររួបរួមជាតិ»។ ក្នុងលិខិតនោះលោក យ៉ែម បុញ្ញាឫទ្ធិ មិនបានបញ្ជាក់អំពីមូលហេតុអ្វីដែលនាំឲ្យលោកនញ្ចប់កិច្ចព្រមព្រៀងជាមួយលោក ញ៉ឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិឡើយ។ 

លោក យ៉ែម បុញ្ញាឫទ្ធិ អតីតតំណាងរាស្ត្របក្សប្រឆាំង បានសរសេរថា «សូមគោរពជម្រាបសួរ  ឯកឧត្ដមប្រធាន ដូចអ្វីដែលខ្ញុំបានសន្យា  ខ្ញុំសូមគោរពផ្ញើជូន   ឯកឧត្ដមប្រធាន  នូវលិខិតលាលែង របស់ខ្ញុំ។ វីរភាពតស៊ូ  ការលះបង់គ្រប់បែបយ៉ាងរបស់  ឯកឧត្ដមប្រធាន  ដើម្បីផលប្រយោជន៍ប្រទេសជាតិ  និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ ដោយក្ដីគោរពកោតសរសើរបំផុត»។ 

សូមជប្រាបដែរថា លោក យ៉ែម បុញ្ញឫទ្ធិ ក្រោយរំលាយគណនក្សសង្គ្រោះជាតិ ជីវិតនយោបាយរបស់លោកហាត់រងព្យុះភ្លៀងជាច្រើន រហូតបានបង្កើតមួយមានឈ្មោះថា «គណបក្សកម្ពុជានិយម» ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅ ហើយនៅខែតុលា ឆ្នាំ២០២២បានច្របាច់បញ្ចូលជាមួយគ្នាខ្មែររួបរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដោយលោក ញឹក ប៊ុនឆៃ ជាប្រធាន និងលោកជាអនុប្រធាន។ 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក យ៉ែម បុញ្ញាឫទ្ធិ បានលើកសរសើរអំពីវីរភាពតស៊ូ ការលះបង់គ្រប់បែបយ៉ាងរបស់ លោក ញ៉ឹក ប៊ុនឆៃ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងការចងចាំរបស់លោកដោយក្ដីគោរពកោតសរសើរបំផុត»៕