2023-09-01 03:09
227

(កែប)នាថ្ងៃទី ១ ខែកញ្ញាឆ្នាំ២០២៣នេះមានករណីអគ្គីភ័យឆាបឆេះ ឃ្លាំងផ្ទុកអីវ៉ាន់ ១កន្លែង និងផ្ទះ២ខ្នង (ធ្វើពីឈើប្រក់ស័ង្កសី) រថយន្ដដឹកទំនិញចំនួន២គ្រឿង រួមទាំងទំនិញ និងសម្ភារមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាប់ឆេះបណ្តាលឲ្យខូចខាតទាំងស្រុង ប៉ុន្តែតែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

តាមការបញ្ជាក់របស់ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានឲ្យដឹងថា នៅវេលាម៉ោង ៣:00 នាទីទាបភ្លឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ និងឃ្លាំងផ្ទុកអីវ៉ាន់មួយកន្លែង នៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ហើយភ្លាមៗនោះកម្លាំងនគរបាល និងមន្រ្ដីមូលដ្ឋានស្រុកដំណាក់ចង្អើរ បានសហការគ្នាចុះជួយអន្តរាគមន៍ ដោយជួយសង្គ្រោះមនុស្សដែលជាប់ក្នុងផ្ទះជាមុន និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ៤គ្រឿង និងឡានស្នងការដ្ឋាននគរបាលខេត្តកំពត ៣គ្រឿង) ដោយប្រើប្រាស់ទឹកអស់ចំនួន ២៣ឡាន ទើបពន្លត់ឲ្យរលត់ជាស្ថាពរ នៅវេលាម៉ោង ៦:00នាទីព្រឹកនេះទើបរលត់អស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទាំងស្រុង ផ្ទះ ២ខ្នង និងឃ្លាំងស្តុកឥវ៉ាន់១កន្លែង និងរថយន្តដឹកទំនិញ ២គ្រឿង ក្នុងនោះម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ។

ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ។

ម្ចាស់ឃ្លាំងផ្ទុកទំនិញរបស់ ឈ្មោះ លឹម លី ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី ទំហំ ១៥×៤០ម៉ែត្រ និងឆេះរថយន្តហ៊ីយ៉ាន់ដាយ (១,៥តោន និង២,៥តោន) ចំនួន ០២គ្រឿង រួមទាំងសម្ភារមួយចំនួនធំទៀតត្រូវបានឆាបឆេះអស់ទាំងស្រុងផងដែរ។បើតាមការសន្និដ្ឋានជាក់ស្តែង មូលហេតុមកពីបណ្តាលឲ្យកើតមានជាអគ្គិភ័យដោយសារផ្ទុះសេខ្សែភ្លើងនៅក្នុងផ្ទះខ្លួនតែម្តង។(សឹង រ៉ាត់)