2023-09-01 04:09
220

ភ្នំពេញ ៖ សមត្ថកិច្ច ខណ្ឌឫស្សីកែវ បានប្រដេញ តាមចាប់ជនសង្ស័យកាច់ ក ម៉ូតូ ចំនួន ២នាក់ ពីចំណុចរង្វង់មូលកាំកូ ផ្លូវ៥៩៨ ក្រុមទី១១ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងឃាត់ខ្លួនបាន នៅសង្កាត់បឹងកក់២ កាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ 

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យ ទាំង០២នាក់ មានឈ្មោះ ចាន់ ពិសិទ្ធិ អាយុ២២ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅផ្ទះលេខ០៣៥ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) និងឈ្មោះ រិទ្ធ ហេង អាយុ២៥ឆាំ្ន មុខរបរមិនប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សំភារៈដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ សោរខ្សៀលេខ៨ចំនួន០១។ ដែកសំប៉ែតចុងស្រួច ចំនួន០១។ ម៉ូតូ០១គ្រឿង និង ទូរស័ព្ទដៃ១គឿង។

លោក ហ៊ាង ថារ៉េត បន្តថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ០១ម៉ាកនិច ពណ៌ស គោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យជិះមកដល់ចំណុចខាងលើក៏ជួបកំលាំងសមត្ថកិច្ចល្បាតសង្ស័យត្រួតពិនិត្យឆែកឆេររកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍សម្រាប់ឆ្កឹះសោរម៉ូតូ នៅក្នុងហោប៉ៅខោជនសង្ស័យឈ្មោះ ចាន់ ពិសិដ្ឋ ដែលលាក់នៅហោប៉ៅខោផ្នែកខាងឆ្វេង នៅពេលឃាត់ខ្លួនបាន ជនសង្ស័យ បានយកសោរ គប់ មកលើសមត្ថកិច្ចទៀតផង។ បន្ទាប់មកកំលាំងជំនាញខណ្ឌ បាននាំជនសង្ស័យខាងលើ រួមនឹងវត្ថុតាង មកអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីសាកសួរ៕